ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក

89

ខេត្តសៀមរាប ៖ មួយ​រយៈ​កន្លង​ទៅ​នេះ​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូល​មក​លក់​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​ពុក​រលួយ​។ លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ជា ខ្នងបង្អែក​យ៉ាង​រឹង​មាំ​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​ហើយ​ទើប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្តសៀមរាប បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សប្បាយ​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម​។

ថ្មី​ៗ​នេះ​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ឈ្មួញ​៣​នាក់​គឺ​ឈ្មួញ​ឈ្មោះ ចាន់​ណា ឈ្មួញ​ឈ្មោះ ស្រេង ឈ្មួញ​ឈ្មោះ ពៅ កំពុង​សម្រុក​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ ចូល​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការ​ដែល​ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​នេះ​អាច​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផង​ដែរ​។ ហេតុនេះ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុ​ង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិន​គួរ​មើល​រំលង​តទៅ​ទៀត​ឡើយ​ព្រោះ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប នៅ​តែ​កើតឡើង​យ៉ាង​រាលដាល​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​រថយន្ត​យី​ឌុ​ប​ធុន​ធំ​១​គ្រឿង​ដឹកឈើ​ពី​ខេត្តព្រះវិហារ ចូល​តាម​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម យក​មក​ទម្លាក់​ក្នុង​ដេប៉ូ​នៅ​ភូមិ​ជន្លង់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ហើយ​គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ណា​ទៅ​ក្បែរ​នោះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹកឈើ​ប្រមាណ​៦០​ម៉ែត្រគូប​នោះ​អាច​ចូល​មក​ទម្លាក់​ឈើ​នៅ​ដេប៉ូ​ក្នុងភូមិ​ជន្លង់ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុ​ន​លី​ម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មន្ត្រី​ក្រោម​ឱវាទ​រួច​ទៅ​ហើយ​។ មាន​ន័យ​ថា លោក ម៉ុង ប៊ុ​ន​លី​ម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប កំពុង​សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​តែ​ម្តង​។​

បើ​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ស្និទ្ធ​នឹង​លោក ម៉ុង ប៊ុ​ន​លី​ម បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​លោក ម៉ុង ប៊ុ​ន​លី​ម នៅ​ធ្វើ​ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​បន្ទាយស្រី ចំណុច​ផ្លូវ​ចូល​កន្ទួត​ខ្នារ​ក្រៅ និង​ផ្លូវ​ទៅ​ស្រុក​អន្លង់​វែង គឺ​លោក ម៉ុង ប៊ុ​ន​លី​ម ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។ តាម​រយៈ​ឥទ្ធិពល​លុយ​នោះ​ហើយ​ទើប​លោក ម៉ុង ប៊ុ​ន​លី​ម ផ្លោះ​តំណែង​ពី​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឡើងជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប យ៉ាង​ក្រអឺតក្រទម​ទាំង​មិន​បាន​ឆ្លងកាត់​តំណែង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ម្តងណា​ឡើយ​។

ឥឡូវនេះ​លោក ម៉ុង ប៊ុ​ន​លី​ម កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​៣​នាក់​គឺ​ឈ្មួញ​ឈ្មោះ ចាន់​ណា ឈ្មួញ​ឈ្មោះ ស្រេង និង​ឈ្មួញ​ឈ្មោះ ពៅ ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូល​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​ហើយ​សូ​ម្បី​តែ​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផង​ដែរ​។ តាម​ប្រភព​ពី​ឈ្មួញ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គេ​បង់លុយ​ប្រចាំ​ជើង និង​ប្រចាំខែ​ឲ្យ​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទើប​អាច​ដឹក​ជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ដូច​សព្វ​ថ្ងៃនេះ​៕ ប្រភព ៖ http://www.moneaksekar.com/78947.html/

អត្ថបទដែលជាប់ទាក់ទង