ជប៉ុនផ្តល់ជំនួយជាង២៧ម៉ឺនដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវនៅតាមខេត្តក្នុងប្រទេសកម្ពុជា

6

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសរុប២៧៥.២៩៦ដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់គម្រោងកែលម្អផ្លូវនៅតាមខេត្តក្នុងប្រទេសកម្ពុជាឲ្យមានភាពងាយស្រួលដល់ផ្នែកដឹកជញ្ជូន។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ហៅថា (ជំនួយគូសាណូណិ) នៅរាជធានីភ្នំពេញថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានបែងចែកជាបីផ្នែកផ្សេងៗគ្នា។
ឯកឧត្តម បានបញ្ជាក់ថា ថវិកាប្រមាណ១០៦.១៤៦ដុល្លារ ត្រូវបានផ្តល់សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវថ្នល់ ក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត ខណៈថវិកាប្រមាណ៨២.៤៥០ដុល្លារ ផ្តល់សម្រាប់ការសាងសង់ស្ពានបេតុង ក្នុងឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពរស់រវើកឡើងវិញ តាមរយៈមធ្យោបាយធ្វើដំណើរដែលល្អប្រសើរទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ផ្សេងៗទៀត។
ដោយឡែក ថវិកានៅសល់ចំនួន៨៦.០០០ដុល្លារទៀត ត្រូវបានផ្តល់សម្រាប់ការសាងសង់បរិក្ខាសាលាមតេយ្យចំនួន៨ ក្នុងស្រុកចំនួន២ នៅខេត្តកំពត ដើម្បីឲ្យកុមារប្រមាណ២៧០នាក់ ក្នុងតំបន់ បន្តការសិក្សាប្រកបដោយនិរន្តរភាព និងគុណភាព៕

អត្ថបទដែលជាប់ទាក់ទង