កម្ពុជានឹងក្លាយជាកន្លែងបង្កើនផលិតភាព និងផ្លាស់ប្តូរសេដ្ឋកិច្ច

5

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក វ៉ាងភក្តី

ភ្នំពេញ៖ រាជរដ្ឋាភិបាល អះអាងថា ការទទួលយកបច្ចេកវិទ្យាដោយវិស័យ​ឯកជន និងរដ្ឋាភិបាល នឹងក្លាយជាកន្លែង​ដើម្បី​បង្កើនផលិតភាព និងការផ្លាស់ប្តូរសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីបើកសម្ពោធកម្មវិធីសន្និសីទ និងពិព័ណ៌ឌីជីថលកម្ពុជា២០១៩ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងអ្នកវិនិយោគដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើតបណ្តាញជំនួញ​និងការវិនិយោគ ការលើកកម្ពស់សហគ្រិនភាពនិងនវានុវត្តន៍ឌីជីថល និងការដោះស្រាយបញ្ហា​ប្រឈមក្នុង​វិស័យបច្ចេក​វិទ្យាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជា បានផ្លាស់ប្តូរពីការពឹងតែទៅលើវិស័យកសិកម្មជា​មូលដ្ឋាន មកជាអ្នកផ្តល់សេវាកម្ម និងឧស្សាហកម្ម ក្នុងធ្វើសមាហរណកម្មសង្វាក់តម្លៃទៅកាន់តំបន់ និងពិភពលោក។ ឯកឧត្តមបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យបច្ចេកវិទ្យា ក៏នឹងផ្តល់នូវឱកាសដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យដទៃទៀតដូចជា សុខភាពសាធារណៈ សន្តិសុខស្បៀង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអប់រំផងដែរ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថាបច្ចេកវិទ្យាជាឆ្អឹងខ្នងរបស់ប្រទេស ដែលអាចគាំទ្រដល់កំណើនយ៉ាងឆាប់រហ័ស និងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។ ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តម បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៩នេះ ចំនួនអ្នកប្រើប្រាស់លេខទូរស័ព្ទចល័តបានកើនឡើង ដល់ប្រមាណ១៩លាន៥សែន ដោយគ្របដណ្តប់១០០ភាគរយ រហូតដល់តំបន់ជនបទ ខណៈចំនួននៃអ្នកប្រើប្រាស់អ៊ិនធើណេត កើនដល់១៤លាន ក្នុងអត្រាគ្របដណ្តប់៨៤ភាគរយ នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា លើកដំបូងនេះ ដែលរៀបចំក្រោមកិច្ចសហការ ដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននេះ មានវត្តមានវាគ្មិនជំនាញបច្ចេកវិទ្យាឌីជីថលជាតិ និងអន្តរជាតិ ចូលរួមប្រមាណ១០០នាក់ និងមានស្តង់តាំងពិព័ណ៍ប្រមាណ១៥០ស្តង់៕

អត្ថបទដែលជាប់ទាក់ទង