កម្ពុជា-កូរ៉េ ពង្រីកកិច្ចសហការរួមគ្នាលើគម្រោងចំនួន៥បន្ថែមទៀតដើម្បីជួយជំរុញការអភិវឌ្ឍនៅកម្ពុជា

5

វិទ្យុជាតិកម្ពុជា៖ដោយ ហុក សុខរិន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា-កូរ៉េ បានពង្រីកកិច្ចសហការរួមគ្នាលើគម្រោងចំនួន៥បន្ថែមទៀត ដើម្បីជួយជំរុញការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចំរើន។
គម្រោងអភិវឌ្ឍន៍ទំាង៥នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩នេះនៅវិមានសន្តិភាពដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម មួន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។
កិច្ចព្រមព្រៀងនិងអនុស្សរណៈចំនួន៥ដែលបានចុះហត្ថលេខានោះរួមមាន:ទី១-កិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩-២០២៣ ដែលចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។
ទី២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ីន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ ។
ទី៣-អនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុតនិងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងឯកឧត្តម សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ ។
ទី៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ដែលចុះហត្ថលេខាដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ។
និងទី៥-អនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គម សាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ដែលចុះហត្ថលេខាដោយឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ឯ,ឧ សង់ ឃ្យុងរ៉្យុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ ។
សូមបញ្ជាក់ថា ការចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េបន្ថែម ទៀតនេះ បានធ្វើឡើងខណៈដែលឯកឧត្តម មួន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង