រាជរដ្ឋាភិបាលកម្ពុជា-កូរ៉េ រួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េលើកទីបួន

7

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន
រាជរដ្ឋាភិបាលកម្ពុជា-កូរ៉េ រួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េលើកទីបួន នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគសំខាន់ៗនៅកម្ពុជាទៅដល់វិនិយោគិនកូរ៉េបានមកបោះទុន វិនយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។
វេទិកាធុរកិច្ចកម្ពុជា-កូរ៉េលើកទីបួននេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាពក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង ឯកឧត្ដម មូន ជេអ៊ីនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ។
វេទិការនេះត្រូវបានប្រារព្ធធ្វើឡើងស្របទៅនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដមប្រធានាធិបតី មូន ជេអ៊ីន ដែលត្រូវបានកំណត់ជាប្រវត្តិសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី និងឆ្លុះបញ្ចាំងឲ្យឃើញនូវរូបភាពវិជ្ជមានសម្រាប់ធុរជនកូរ៉េធ្វើការវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការរៀបចំព្រឹត្តិការណ៍វេទិការធុរកិច្ចកម្ពុជា-កូរ៉េនាពេលនេះកាន់តែបានផ្តល់នូវជំនឿចិត្តសម្រាប់វិនិយោគិនទាំងពីរប្រទេស។
អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន ឲ្យដឹងថា កូរ៉េ គឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ហើយការវិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន៤,៥៦០ លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៨។
អ្នកឧកញ៉ាបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ទំហំពាណិជ្ជកម្មសរុបមានចំនួន៩៧៥លានដុល្លារ កើនឡើង១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។
អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានភាពរីកចម្រើនលឿនបំផុតនៅលើពិភពលោក និងប្រកបដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងនយោបាយ។ក្នុងរយៈពេលមធ្យមកម្ពុជានឹងអាចរក្សាបាននូវកំណើន៧ភាគរយក្នុងមួយឆ្នាំហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០និងប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ទំាង៣លើកកាលពីពេលកន្លងទៅ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដូចជា ឯកឧត្ដមប្រធានាធិបតី គីម ដេ-ជុន ឯកឧត្ដមប្រធានាធិបតី រូ មូ យ៉ុន និង ឯកឧត្ដមប្រធានាធិបតី លី ម៉្យុងបាក់៕

អត្ថបទដែលជាប់ទាក់ទង