រាជរដ្ឋាភិបាលជំរុញការចិត្តទុកដាក់លើកកម្ពស់សមត្ថភាពនិងជីវភាពគ្រូបង្រៀន

6

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយ កញ្ញា អ៊ី កនិកា
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាជំរុញការយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពនិងជីវភាពគ្រូបង្រៀន​ដើម្បីធានាឲ្យ​ការបណ្តុះ​បណ្តាលធនធានមនុស្សប្រកបដោយគុណភាព។

លោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍នៅក្នុង​កម្មវិធីជីវិត​យើងសង្គមយើងថា៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោ​បាយលើកកម្ពស់​សមត្ថភាពនិងជីវភាពគ្រូបង្រៀន​ជាបន្តបន្ទាប់បានធ្វើឲ្យគ្រូ បង្រៀនបច្ចុប្បន្ននេះមានភាពសំបូរសប្បាយមានជីវភាពប្រសើរជាងមុន។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមចង់ធ្វើជាគ្រូបង្រៀនដោយសារតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហើយមានការជ្រោមជ្រែកពីសង្គមនិងឲ្យតម្លៃទៅលើគ្រូបង្រៀនកាន់តែច្រើន។
សំលេង៖ «ក្រសួងនិងពង្រឹងសមត្ថភាពនិងជីវភាពរបស់គ្រូបង្រៀនមិនអាចចោលទាំងពីរនេះបានទេ យើងមានអាហាររូបករណ៍ដៃគូរ គម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាមួយធនាគារពិភពលោក អង្គការផ្សេងៗ យើងអាចផ្តល់អាហាររូបករណ៍ទាំងក្នុងស្រុក និងអាហាររូបករណ៍ក្រៅប្រទេស ចំពោះគ្រូបង្រៀនណាដែលគាត់ចង់ពង្រឹងសមត្ថភាពគាត់បន្ថែម នាយកសាលាខ្លះគាត់ចង់ដឹងនាំសាលារបស់ពួកគាត់ឲ្យមានភាពរីកចម្រើនជាងមុន ខាងក្រសួងបង្កឱកាសឲ្យគាត់ពង្រឹងសមត្ថភាពរបស់ពួកគាត់ ចំពោះជីវភាពវិញដូចជាប្រាក់ខែឡើងជាលំដាប់បើប្រៀបធៀបជាងប៉ុន្មានឆ្នាំមុន អ្នកណាចង់មានចំណាប់អារម្មណ៍ធ្វើគ្រូបើបៀបធៀបវិស័យឯកជនវិញ ប្រាក់ខែគ្រូឥលូវច្រើនជាងវិស័យឯកជនឥលូវយើងមានប្រព័ន្ធគាំទ្រពង្រឹងគ្រូទាំងគ្រូជនបទ គ្រូដាច់ស្រយាល ឲ្យពួកគាត់មានជីវភាពប្រសើឡើង »។
លោកបណ្ឌិតបានឲ្យដឹងទៀតថា ឥលូវនេះក្រសួងអប់រំមានបំពាក់ប្រព័ន្ធទំនើបៗជាច្រើនសម្រាប់បង្រៀន​សិស្សហើយបង្ខិត​សាលា​ថ្នាក់រៀនឲ្យនៅក្បែរភូមិរបស់អ្នកស្រុក ដោះស្រាយបញ្ហាប្រឈមនិងការលំបាក​របស់គ្រូបង្រៀនជាដើម។
គួររំលឹកថារាជរដ្ឋាភិបាលបានតំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការនិងគ្រូបង្រៀនយ៉ាងទៀងទាត់ យ៉ាងតិច១លានរៀលក្នុងមួយខែ៕

អត្ថបទដែលជាប់ទាក់ទង