រាជរដ្ឋាភិបាល ថា បច្ចេកវិទ្យាឌីជីថល អាចឲ្យកម្ពុជាទាញយកសេដ្ឋកិច្ចពីសហគមន៍អាស៊ានដ៏សម្បើម

26

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី

រាជរដ្ឋាភិបាល ថា បច្ចេកវិទ្យាឌីជីថល អាចឲ្យកម្ពុជាទាញយកសេដ្ឋកិច្ចពីសហគមន៍អាស៊ានដ៏សម្បើម ដើម្បីសម្រេចបាននូវប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្ពុជាអាចចាប់​យក​សក្ដានុពលនៃកំណើនសេដ្ឋកិច្ចពីឧស្សាហកម្មជំនាន់ទី៤ ពីកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើង​ពីប្រទេសអាស៊ាន​នីមួយៗ ដែលមានការរីកធំធាត់សម្រាប់ការធ្វើពាណិជ្ជកម្មទំនិញក្នុងតំបន់ និងសេវាកម្ម។

ថ្លែងក្នុងពិធីបើកសម្ពោធកម្មវិធីសន្និសីទ និងពិព័ណ៌ឌីជីថលកម្ពុជា២០១៩ ក្រោមប្រធានបទ«ឆ្ពោះទៅរកឧស្សា​ហកម្មជំនាន់​ទី៤» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែមីនា ឯកឧត្តមបាន​ពន្យល់ថា កម្លាំងនៃបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មជំនាន់ទី៤ គឺជាការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ផលិតផល និងសេវាកម្ម ដែលមានលក្ខណៈប្រកួតប្រជែង នៅក្នុងខ្សែសង្វាក់តម្លៃសកល និងបណ្តាញផលិតកម្ម។ ជាមួយគ្នានេះ ក៏នឹងជួយរៀបចំឡើងវិញនូវសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរបស់កម្ពុជា ដោយកាត់បន្ថយការចំណាយ និងបង្កើនផលិតភាពផងដែរ។ ឯកឧត្តម បានបន្តថា អាស៊ានអាចឈានមុខគេក្នុងការផ្លាស់ប្តូរឧស្សាហកម្ម តាមរយៈប្រើប្រាសបច្ចេកវិទ្យាចុងក្រោយបំផុត។

ផ្អែកតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថាន McKinsey Global បានបង្ហាញថា នៅឆ្នាំ២០៣០ អាស៊ានអាចបង្កើតផលប៉ះ​ពាល់សេដ្ឋកិច្ចសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាប្រមាណ៦២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៤ទៅ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់អាស៊ាននៅឆ្នាំនោះ។

ក្រុមអ្នកជំនាញផ្នែកទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) បានលើកឡើងថា កម្ពុជាកំពុងឆ្ពោះទៅ​រកសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការលើកស្ទួយគំនិតនៃការច្នៃប្រឌិត សកម្មភាពស្រាវជ្រាវ និងបច្ចេកទេសពាណិជ្ជកម្មទំនើបៗ ដែលបង្កើតការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ព្រមជាមួយគ្នានេះ ក៏នឹងធ្វើឲ្យវិស័យដទៃទៀតមានការអភិវឌ្ឍព្រមជាមួយគ្នាផងដែរ។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថាវិទ្យាស្ថានជាតិ និបទិក(NIPTICT)បានឱ្យដឹងថា ខាងវិទ្យាស្ថានជាតិនេះ បាននឹងកំពុងជំរុញការធនធានមនុស្សផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន តាមរយៈការផ្តួចផ្តើមសកម្មភាពស្រាវជ្រាវ និងគម្រោងអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីនៃអាជីវកម្មបង្កើតថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង