អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ និង​ខួប​០១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសម្បូរព្រៃគុក

44

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ៣​កើត ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និង​ខួប​១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ បេតិកភណ្ឌ ពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ផង​ដែរ​។ ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្តិ​ត បាន​សម្ដែង​នូវ​ការ​រីករាយ​អបអរសាទរ​សារ​ជា​ថ្មី ចំពោះ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅ​ក្នុង​បញ្ជី បេតិកភណ្ឌ ពិភពលោក​។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ទម្រាំ​កម្ពុជា​បាន​ដាក់​បញ្ចូល​ប្រាសាទ​ទាំង​ពីរ​នេះ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ការងារ ជា​ច្រើន ដូច​ជា​ការ​រៀបចំ​ឯកសារ រួម​នឹង​បែបបទ​ជា​ច្រើន​ទៀត​បំពេញ​តាម​លក្ខខណ្ឌ​របស់​អង្គការ យូ​ណេ​ស្កូ (UNESCO)​។

ជា​ពិសេស​សម្តេច​មិន​ភ្លេច​នូវ​ថ្លែងអំណរគុណ​ចំពោះ សម្តេច​វិបុល​បញ្ញា សុខ អាន និង​លោក​ជំទាវ ភឿ​ង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ធ្វើ​បទ​បង្ហាញ និង​អះអាង​នៅ​ចំពោះ​មុខ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក រហូត​សម្រេច​បាន​ជោគជ័យ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​បានដឹង​គុណ​ចំពោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ទុក​សម្រាប់​កូន​ខ្មែរ​គ្រប់​ៗ​ជំនាន់ និង​អរគុណ​ដល់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហ​នុ ដែល​ព្រះ​អង្គ​បាន​ទាមទារ​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ទទួល​បាន​មក​វិញ​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​ពី​ប្រទេស​ថៃ​។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ បាន​អរ​ព្រះ​គុណរ​ចំពោះ សម្តេចព្រះ នរោត្តម សីហ​មុនី ដែល​ព្រះ​អង្គ​តែងតែ​យក​ព្រះ​ទ័យ​ទុកដាក់ ចំពោះ​វប្បធម៌​ជាតិខ្មែរ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា កម្ពុជា​ដែល​បាន​សម្រេច​ដាក់​ប្រាសាទព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ដែល​បន្សល់​ទុក​ដោយ​ដូនតា ដល់​មនុស្សជាតិ​ទាំងឡាយ មិន​អនុញ្ញាត​ឲ្យ​នរណា​មក​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​សូ​ម្បី​តែ​មួយ​មី​ល្លី​ម៉ែត្រ​នោះ​ឡើយ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពិធី​អបអរសាទរ​ថ្ងៃនេះ គឺជា​ការ​រំលឹក និង ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ដ៏​មហស្ចារ្យ​សម្រាប់​ជាតិខ្មែរ​។ មួយវិញទៀត​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ​និង​កុលបុត្រ កុលធីតា​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ស្នាដៃ​បុព្វបុរស​ខ្មែរ​នោះ​ឡើយ ហើយ​បន្ត​ប្រឹងប្រែង​ពង្រីក​ភាព​ល្បាញ​ល្បី នៃ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ទៅ​កាន់​ពិភពលោក​ឲ្យ​កាន់តែ​ខ្ទរខ្ទារ​ថែម​ទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស​ជាតិ​លើ​យុទ្ធសាស្ត្រ​អាទិភាព​សំខាន់​២ ដែល​នាំ​សេចក្តីសុខ​ដល់​កម្ពុជា​ផង និង​ប្រទេស​ជិតខាង​ផង​គឺ ទី​១​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​ឲ្យ​ទៅ​ជា កន្លែង​ដែល​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ និង​ទី​២ គឺ​ប្រែក្លាយ​តំបន់​ព្រំដែន នៃ​ប្រទេស​ជិតខាង​ទៅ​ជា​កន្លែង ដែល​មាន​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រីក​ចម្រើន​គ្រប់​វិស័យ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចូលរួម​រំលែក​ទុក្ខ និង​សម្ដែង​នូវ​ការ​សោកស្តាយ​ចំពោះ​គ្រោះ​មហន្តរាយ ដែល​បាន​កើតឡើង​ចំពោះ​ប្រទេស​ជប៉ុន ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​ប្រាង្គ​ប្រាសាទ ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួម​ទាំង​សម្បត្តិ​វប្បធម៌​ផ្សេង​ៗ របស់​ប្រទេស​ជាតិ​ជា​ច្រើន​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង