ឱសថអាចធ្វើឱ្យមនុស្សស្លាប់ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ

127

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋានសម្រាប់អ្នកលក់ឱសថតាមឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ ចំនួន៧០៣នាក់ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៥ កក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឱសថ គឺជាអាវុធមុខពីរដែលអាចធ្វើឱ្យមនុស្សស្លាប់ បើសិនជាយើងប្រើប្រាស់វាមិនបានត្រឹមត្រូវ ដោយខ្វះជំនាញនិងចំណេះដឹងលើវិស័យសុខាភិបាលនោះ។ ឯកឧត្តម បន្តថា នៅរាជធានីភ្នំពេញ មានអ្នកលក់ឱសថ មួយចំនួនមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ បង្កើនចំណេះដឹងបន្ថែមពីអ្នកពាក់ព័ន្ធ ព្រោះថា ឱសថជាអាវុធមុខពីរ ប្រើប្រាស់មិនត្រូវ វានឹងធ្វើឱ្យមនុស្សស្លាប់បាន។ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា មនុស្សតែងតែមានជំងឺជៀសមិនផុត ហើយដើម្បីព្យាបាល បើទោះជាត្រូវចំណាយថវិកាប៉ុន្មានក៏ដោយ ក៏ត្រូវតែចាយវាយដែរ ដោយសារតែ ជឿជាក់ទៅលើគ្រូពេទ្យ និងឱសថការីទាំងអស់ ដូច្នេះដើម្បីកុំឱ្យប្រជាជនអស់ជំនឿទុកចិត្ត គម្បីគ្រូពេទ្យនិងឱសថការីត្រូវមានជំនាញពិតប្រាកដនិងមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការធ្វើអាជីវកម្ម លើផ្នែកឱសថនេះ ដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងអ្នកជំងឺចាយលុយអស់ពីខ្លួនហើយ អស់ទាំងអាយុជីវិតថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង