រដ្ឋសភាបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

131

ដោយ វ៉ាង ភក្តី

រដ្ឋសភា បានសម្រេចបដិសេធសំណើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលសុំឱ្យ មានការកែប្រែការគូសញ្ញាគាំទ្រគណបក្សនៅលើសន្លឹក ដោយយកសញ្ញាធិក(√)ផ្លូវការតែមួយគត់។

លិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាឆ្លើយតាមទៅនឹងសំណើរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែកក្កដានេះ បានបញ្ជាក់ថា រដ្ឋសភាបានបិទបញ្ចប់នីតិកាលរបស់ខ្លួនហើយ ហើយបច្ចុប្បន្ននេះ តំណាងរាស្ត្រដែលជាបេក្ខជនកំពុងចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ រដ្ឋសភាបច្ចុប្បន្ន មានសិទ្ធិត្រឹមតែអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះ ដោយពុំអាចចាត់ចែងការងារដទៃបានឡើយ ជាពិសេសពាក់ព័ន្ធនឹងស្ថាប័នដទៃ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាដើម។

ការបដិសេធនេះ បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានដាក់លិខិត ទៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីរដ្ឋសភាឱ្យពិនិត្យ និងកែតម្រូវការសម្រេចរបស់គ.ជ.ប ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតអាចគូសសញ្ញាគាំទ្រគណបក្សនយោបាយបានច្រើនប្រភេទ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រាប់ថា គ.ជ.ប មិនអាចធ្វើការកែសម្រួល ឬធ្វើវិសោធនកម្មនៅលើចំណុច នៃការប្រើប្រាស់ធិក(✓) និងសញ្ញាទាំងឡាយ ដែលគូសដោយប្រជាពលរដ្ឋនោះទេ។ ឯកឧត្តមបញ្ជាក់ថា គណបក្សនយោបាយចំនួន១៩ ក្នុងចំណោមទាំង២០ ដែលចូលរួមការបោះឆ្នោតសកលនៅចុងខែកក្កដា ឆ្នាំ២០១៨នេះ បានឯកភាពចំពោះនីតិវិធីរបស់គ.ជ.ប ទៅលើការគូសសញ្ញាគាំទ្រគណបក្ស ក្នុងប្រអប់៤ជ្រុងតូច ឬទ្រវែង ក្រៅពីសញ្ញាធិក(✓)។

គ.ជ.ប បានកំណត់ក្នុង បទបញ្ជានិងនីតិវិធី ដោយយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីយកជាផ្លូវការនូវសន្លឹកឆ្នោត ដែលអ្នកបោះឆ្នោតបានគូសសញ្ញាគាំទ្រក្នុងប្រអប់បួនជ្រុងទ្រវែង នៃគណបក្សនយោបាយ ផ្សេងពីសញ្ញាធិក(✓) លើកលែងតែសន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ សន្លឹកឆ្នោតមានផ្តិតស្នាមម្រាមដៃ សន្លឹកឆ្នោតមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសមានសំណេរ ឬសញ្ញាផ្សេង សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ទាស់ជាប់ជាមួយ សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហត្ថលេខា ឬសញ្ញាណដែលនាំឱ្យគេស្គាល់អ្នកបោះឆ្នោត។

យ៉ាងណាក៏ដោយ គ.ជ.ប ក៏បានលើកទឹកចិត្តឱ្យអ្នកបោះឆ្នោតគូសធិក(✓) ជាសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តនៅលើសន្លឹកឆ្នោត ក្នុងប្រឡោះបួនជ្រុងទ្រវែងផងដែរ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈរដ្ឋសភាសរុប១២៥អាសនៈ បន្ទាប់ពីមានប្រជាពលរដ្ឋកម្ពុជាសរុប៨.៣៨០.២១៧នាក់ បានចុះឈ្មោះ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង