សម្តេចតេជោ និងនាយករដ្ឋមន្រ្តីវៀតណាម ជួបពិភាក្សាការងារនៅក្នុងទីក្រុងប៉េកាំង ក្នុងឪកាសអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២

67

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖


ក្នុងឪកាសអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានទទួលជួបពិភាក្សាការងារ និងពិសាអាហារពេលព្រឹកជាមួយឯកឧត្តម ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នៅសណ្ឋាគារនៃការស្នាក់នៅរបស់ថ្នាក់ដឹកនាំកម្ពុជា។នេះបើតាមអ្នករាយការណ៍ព័ត៌មានកម្ពុជាពីទីក្រុងប៉េកាំងអោយដឹង នាព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩នេះ ។


ប្រភពដដែល បានបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ចំពោះការរីកចំរើន និងសមិទ្ធិផលជាច្រើនរបស់ប្រទេសវៀតណាម ព្រមទាំងមានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងឆាប់រហ័ស។សម្តេចតេជោ បានបន្តថា យើងពិតជារីករាយដែលបានពិភាក្សា ផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួលដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយកម្ពុជាមានការរីកចំរើនខ្ពស់ ។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
សូមជំរាបថា កន្លងទៅថ្នាកដឹកនាំកម្ពុជា វៀតណាម ធ្លាប់បានប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជា ខណ្ឌសីមា និងបោះបង្កោលព្រំដែន និងការសំរេចអោយបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លានៅឆ្នាំ២០២០ ផែនការមេតភ្ជាប់លើគ្រប់វិស័យ រវាងកម្ពុជា និង វៀតណាម ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមព្រំដែន ៕

អត្ថបទដែលជាប់ទាក់ទង