សម្តេចប្រធានរដ្ឋសភាកម្ពុជាអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ

54

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត៖


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេស វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្ម ជាដើម។

ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នាព្រឹកថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០១៩។
នៅពេលអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ខេ ភី សាម៉ា អូលី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម។
ក្នុងនាមរដ្ឋសភា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រដល់ការចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងនេប៉ាល់។​ សម្តេច មានជំនឿមុតមំាថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី នេប៉ាល់នៅលើទឹកដីកម្ពុជា ប្រទេសទំាងពីរ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ដើម្បីឧត្តម ប្រយោជន៍រួម នៃប្រជាជាតិយើងទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយករដ្ឋមន្រ្តី នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចំាងពីការបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា-នេប៉ាល់ ដែលមានតាំងពីយូរណាស់មកហើយ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ព្រះរាជាណាចក្រកម្ពុជានិង ប្រទេសនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាតំាងពីដើមទសវត្សឆ្នាំ៦០ ហើយបានអាក់ខាន ក្នុងអំឡុងពេលប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាមស៊ីវិល។ ប្រទេសទំាងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៩ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី បាន បានវាយតម្លៃខ្ពស់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលំដាប់។ ឯកឧត្តម​ បានលើកឡើងពីកិត្តិសព្ទរបស់ សម្តេចប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តំាងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី មានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសនេប៉ាល់ មានរបបសភាពីរថ្នាក់ដូចគ្នា។ នៅក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរឯកឧត្តម ខេ ភី សាម៉ា អូលី បានសន្យាថានឹងបង្កើតក្រុមមិត្តភាពរដ្ឋសភានេប៉ាល់-កម្ពុជា ឲ្យបានឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ផងដែរថា នេប៉ាល់នឹងជំរុញឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរដើម្បីឲ្យប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធគ្នា។ ទាំងនេះដោយហេតុថាកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយប្រទេសនេប៉ាល់ជាប្រទេសដែលជាកន្លែងកំណើតរបស់ព្រះពុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង