រាជរដ្ឋាភិបាលកោតសរសើរស្នាដៃកម្លាំងនគរបាលដែលប្រយុទ្ធប្រឆាំងបដិវត្ដពណ៌នៅកម្ពុជា

33

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖

រាជរដ្ឋាភិបាលកោតសរសើរស្នាដៃកងកម្លាំងនគរបាលដែលបានប្រយុទ្ធប្រឆាំងបដិវត្ដពណ៌មិនឲ្យកើតមាននៅកម្ពុជា ដើម្បីធានាបានសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ។


ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្លាំងនគរបាលជាតិគ្រប់ជំនាន់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីអង្គអាចក្លាហាននិងមានការទទួលខុសត្រូវខ្ពស់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព បូរណៈភាពទឹកដី រក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ បញ្ជៀសបាននូវអំពើភេរវកម្ម បង្ការទប់ស្កាត់និងបង្រ្កាបទាន់ពេលវេលា នៅឧក្រិតកម្មឆ្លងដែន ប្រឆាំងទប់ស្កាត់ឧបាយកល និងសកម្មភាពរបស់ពួកបច្ចៈមិត្ដគ្រប់ប្រភេទ ដែលបំផុសចលនាបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ និងប៉ុនប៉ងធ្វើបដិវត្ដន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្ដេចក្រឡាហោមបានបន្ថែមថា ភាពជោគជ័យ និងសមិទ្ធផលនយោបាយ សង្គម សេដ្ឋកិច្ច គឺប្រសូត្រចេញពីកត្ដាសន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដែលមិនអាចកាត់ផ្ដាច់បានពីការចូលរួមធ្វើពលិកម្មប្រកបដោយមនសិការស្នេហាជាតិរបស់កងកម្លាំងនគរបាលជាតិបានឡើយ។ កងកម្លាំងបានតស៊ូជំនះគ្រប់ឧបសក និងការរំបាកគ្រប់បែបយ៉ាង ដែលបានលះបង់ពេលវេលាកំលាំងកាយចិត្ដរួមទាំងអាយុជីវិត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្ដិប្រជាពលរដ្ឋ និងទ្រព្យសម្បត្ដិសាធារណៈ បង្កើតបាននៅបរិយាកាសប្រកបដោយភាពកក់ក្ដៅក្នុងសង្គមជាតិទាំងមូល ។
សម្តេចក្រឡាហោមបានជំរុញអោយកងកម្លំាងនគរបាលពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈដែលកម្ពុជានៅមានក្រុមឧទាមក្រៅច្បាប់មួយចំនួន ដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្ដើមយកអំណាច។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការ នគរបាល ជាតិ បានបញ្ជាក់ថា នគរបាលទូទាំងប្រទេសបានប្តេជ្ញាការពារឲ្យបានដាច់ខាតនូវជាតិសាសនាព្រះ មហាក្សត្ររដ្ឋធម្មនុញ្ញ និង រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយ និងមិនអនុញ្ញាតឲ្យបុគ្គលណាដែលឃុបខិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាពនៅកម្ពុជានោះឡើយ។
សូមបញ្ជាក់ថា ការសម្រេចបាននូវស្នាដៃរបស់កងកម្លាំងនគរបាលជាតិក្នុងការធានា សុខសន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម នគរបាលជាតិកម្ពុជា ក៏បានរួមចំណែកកសាងនូវកិត្ដិយសនិងលើកស្ទួយនូវកិត្យានុភាពជាតិតាមរយៈការរៀបចំការពារ ធានាសន្ដិសុខតាមគោលនយោបាយការទូតសេដ្ឋកិច្ចវប្បធម៌វិនិយោគនិងទេសចរណ៍ក៏ដូចជាព្រឹត្ដិការណ៍ជាតិ និងអន្ដរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង