ពលរដ្ឋខ្មែរឥស្លាម​នៅស្រុកកោះសូទិនសប្បាយរីករាយដោយមានកន្លែងថ្វាយបង្គំនៅតាមទីសាធារណ:នាពេលខាងមុខ

49

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

ជនជាតិខ្មែរឥស្លាម​ រស់នៅក្នុងស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ បានគាំទ្រ​ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ច​ប្បន្ន​ ដែលមិនមានការរេីសអេីង​ និងបង្កេីតកន្លែងសម្រាប់សាសនិកឥស្លាម ថ្វាយបង្គំនៅទីសាធារណនាពេលខាងមុខ។


ការគាំទ្រនេះធ្វើឡើង
កាលពីរសៀល​ ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០១៩​ក្នុងឱកាស ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តកំពង់ចាម​ អញ្ជេីញចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ នៅភូមិទី១៣​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ ។


ប្រជាពលរដ្ឋខ្មែរឥស្លាមបានសម្តែងការសាទរ និងរីករាយចំពោះរាជរដ្ឋាភិបាលក្នុងការរៀបចំឲ្យមានកន្លែងថ្វាយបង្គំនៅតាមទីសាធារណ:ដូចជា​ មន្ទីរពេទ្យ​ ផ្សារទំនេីប​ សាលារៀន​ និងកន្លែងផ្សេងៗទៀត ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការគោរពប្រតិបត្តិក្នុងសាសនារបស់ខ្លួន។


ជាមួយគ្នានោះដែរ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា សុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលនេះ​ មិនត្រឹមតែផ្ដល់ភាពសុខសាន្តដល់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ​ គឺបានផ្ដល់ភាពសុខសាន្តដល់គ្រប់សាសនាថែមទៀតផង ដូច្នេះយេីងរួមគ្នា​ ប្ដេជ្ញាថែរក្សា​ នូវសុខសន្តិភាព​ ដែលយើងទទួលបានមកដោយលំបាក​ ដោយការលះបង់​ ដោយការឈឺចាប់​ រាប់មិនអស់នេះ​ អោយបានគង់វង្ស​ យូរអង្វែង​ សម្រាប់យើង​ និង​ កូនចៅយើងច្រើនជំនាន់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង