ក្រុមអតីតសិស្សមិត្តភាពកងមាស នាំយកថវិកាជាង៤លានរៀលផ្តល់ជូនលោក ផន ផុន ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត្រ

40

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី ៖

ក្រុមអតីតសិស្សមិត្តភាពកងមាស បាននាំយកថវិកាចំនួន៤លាន៣សែន៣ម៉ឺនរៀល ផ្តល់ជូនលោក ផន ផុន ដែលកំពុងសំរាកព្យាបានជំងឺនៅមន្ទីរពេទ្យកាលម៉ែត្រ ដែលជាអតីតសិស្ស វិទ្យាល័យ សម្ដេចហ៊ុន សែន ពាមជីកង (វិទ្យាល័យពាមជីកង)។
លោក គិត ឆៃអ៊ឹម តំណាងក្រុមអតីតសិស្សមិត្តភាពកងមាស បានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីទឹកចិត្តសប្បុរសធម៌របស់មហាមិត្តនៃអតីតសិស្សមិត្តភាពកងមាសចំនួន ជាង៣០នាក់។


លោក បន្តថា ការចូលរួមថវិការបស់មហាមិត្តទាំងអស់ គឺបានឆ្លុះបញ្ចាំង ពីទឹក ចិត្តស្រឡាញ់រាប់អានគ្នា របស់ពួកយើង ទោះបីជាយើងទាំងអស់គ្នា បានបែកគ្នាជាយូរឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែអារម្មណ៍នឹករលឹកគ្នាកាលពីវ័យកេ្មង នៅតែដក់ជាប់ពួកយើងជានិច្ច។
លោក បន្ថែមថា នេះគឺបានបង្ហាញពីវប្បធម៌ចែករំលែក នឹងចេះជួយគ្នាទៅវិញទៅមកនៅពេលមានអ្នកណាម្នាក់ជួបទុក្ខលំបាករបស់ពួកយើង។


លោក គិត ឆៃអ៊ឹម តំណាងអោយក្រុមអតីតសិស្សកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជាទីបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ចំពោះទង្វើដ៏ល្អរបស់ លោកគ្រូ អ្នកគ្រូ និងបងប្អូនមហាមិត្តអតីតសិស្សវិទ្យាសម្ដេចហ៊ុន សែន ពាមជីកង (វិទ្យាល័យពាមជីកង) ដែលបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងក្នុងគ្រាមានធុរៈ ដោយឈរ លើស្មារតីសាមគ្គីភាព មិត្តភាពដ៏ឧត្តុងឧត្តម។ លោក សង្ឃឹមថា វប្បធម៌មួយនេះ នឹងនៅតែបន្តសំរាប់ពួកយើងទាំងអស់គ្នា។


សូមបញ្ជាក់ថា កន្លងទៅនេះ ក្រុមអតីតសិស្សមិត្តភាពកងមាស បាន អញ្ជើញចុះទៅសួរសុខទុក្ខ និងជូនថវិកាចំនួន១លាន៩សែនរៀលដល់លោកគ្រូ គឹម ខេងជូ អតីត គ្រូ បង្រៀននៅវិទ្យា ល័យសម្ដេចតេជោ ហ៊ុន សែនពាមជីកង ដែលមានជម្ងឺកំពុងស្នាក់នៅគេហដ្ឋាន របស់លោកគ្រូស្ថិតក្នុងរាជធានីភ្នំពេញ និងជូនថវិកាដល់លោកគ្រូ ដែលមានជម្ងឺធ្ងន់ចំនួន២នាក់ផ្សេងទៀត ដែលស្នាក់នៅគេហដ្ឋាន របស់លោកគ្រូផ្ទាល់ស្ថិតនៅភូមិ ថ្មី ឃុំ រកាគយ និងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពុងចាម។ ថវិការួមរបស់មិត្តភាពកងមាសបានឧបត្ថម្ភ ជូនលោកគ្រូ ស៊ុន ប៉ិនលី ចំនួន ១លានរៀលនិងជូនលោកគ្រូ ទួន ងួនហេង ចំនួន ១លានរៀល ។
លោកគ្រូទាំងបីនាក់បានចូលនិវត្ត ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ លោកគ្រូបានធ្លាក់ខ្លួនឈឺជាទម្ងន់ ពិសេសលោកគ្រូ ទួន ងួនហេង មានជម្ងឺរហូតបាត់បង់ការចងចាំនិងកាយសម្បទាដើរមិនរួច៕

អត្ថបទដែលជាប់ទាក់ទង