កម្ពុជាត្រៀមសហការ ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ឲ្យកាន់តែប្រសើរ

12

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី៖


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាស ត្រៀមសហការ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងពេលអនុញ្ញាតឲ្យឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនៅ ទីស្តីការក្រសួងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងកម្ពុជា និងម៉ាឡេស៊ី ពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ភាគីទាំងពីរបានពិភាក្សា អំពីគម្រោង ការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានដូចជា ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (JCBC) លើកទី៣នៅប្រទេសម៉ាឡេស៊ីនិងការផ្លាស់ប្តូរទស្សនកិច្ចកំរិតខ្ពស់រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើបង្កើនកិច្ចប្រឹងប្រែងពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីបនែ្ថមទៀត ហើយបានលើកទឹកចិត្តឲ្យភាគីទាំងពីរពន្លឿនការចរចារឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ការបញ្ជៀសការយកពន្ធត្រួតគ្នា” ឲ្យបានឆាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរឲ្យម៉ាឡេស៊ីនាំចូលអង្ករកម្ពុជាកាន់តែច្រើនថែមទៀតខណៈម៉ាឡេស៊ី បានទិញអង្ករកម្ពុជាជាង៤ម៉ឺនតោនក្នុងឆ្នាំ២០១៨ ។
នៅក្នុងវិស័យអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាម៉ាឡេស៊ី បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជាដោយបានផ្តល់វគ្គសិក្សារយៈពេលខ្លីដល់មន្ត្រីកម្ពុជាជាង១ពាន់នាក់ នៅក្រោមក្របខ័ណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ បច្ចេកទេសរបស់ម៉ាឡេស៊ី (MTCP)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើភាគីម៉ាឡេស៊ី បន្តការជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់ពលករកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានសន្យាថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបង្កើនចំនួន អាហារូបករណ៍សំរាប់មន្ត្រីរាជការកម្ពុជាបន្ថែមទៀត ហើយក៏បានលើកទឹកចិត្តនិងរកវិធីដើម្បីនាយទាហានកម្ពុជាបានទទួលការបណ្តុះបណ្តាលផ្នែកយោធាពីម៉ាឡេស៊ី។ ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន បានផ្តោតសារសំខាន់លើការយកចិត្តទុកដាក់ចំពោះពលករបរទេសនិងបានសន្យាថាម៉ាឡេស៊ីនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដល់ភាគីកម្ពុជា ក្នុងការដោះស្រាយបញ្ហានានារបស់ពលករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង