ឯកឧត្តមឧបនាយករដ្ឋមន្រ្តីណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យនិងក្រុមប្រឹក្សាអាណត្តិទី៣ រួមគ្នាខិតខំបម្រើ ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

14

វិទ្យុជាតិកម្ពុជា៖ ដោយ លឹម តុងហួត៖

ឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ណែនាំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យនិងក្រុមប្រឹក្សាអាណត្តិទី៣រួមគ្នាខិតខំបម្រើ ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។


ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៣ ថ្ងៃទី១២ ខែមិថុនា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិបានមានប្រសាសន៍ថា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តបន្ទាយមានជ័យឲ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។
ឯកឧត្តមបានជំរុញឲ្យរដ្ឋបាលខេត្តនិងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណ:អភិបាល មន្រ្តីរាជការ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋនិងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងចូលរួមធ្វើឲ្យកម្ពុជាសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
សូមបញ្ជាក់ថាក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៣ មានចំនួន២៥រូប ដែលឯកឧត្តម ខេង ស៊ុ ជាប្រធានក្រុមប្រឹក្សាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង