សម្តេចតេជោហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅហុងគ្រី និងចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី CICA នៅតាគីជីស្ថាន

39

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និង អញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថានផងដែរ។


យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ បានឱ្យដឹងថា ទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីរបស់សម្តេចតេជោ និងគណៈប្រតិភូ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ តបតាមការអញ្ជើញរបស់ឯកឧត្តម វីកទ័រ អ័របាន (Viktor Orbán)នាយករដ្ឋមន្រ្តីហុងគ្រី ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសមភាគីហុងគ្រីលើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វីកត័រ អ័របាន នាយករដ្ឋមន្ត្រីហុងគ្រី ។
សូមបញ្ជាក់ថា កម្ពុជា និងហុងគ្រី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៦។ ទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ទៅវិញនៅក្នុងរបបខ្មែរក្រហម ហើយត្រូវបានភ្ជាប់ទំនាក់ទំនងឡើងនៅក្នុងឆ្នាំ១៩៧៩។ ហុងគ្រី ជាប្រទេសមួយដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងរបប «រដ្ឋកម្ពុជា» បើទោះបីមានប្រទេសជាច្រើនកំពុងហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលកម្ពុជានាសម័យនោះ។ ហុងគ្រី ក៏ជាប្រទេសបានរួមចំណែកជួយដល់កិច្ចដំណើរការរបស់អ៊ុនតាក់លើដំណើរការរក្សាសន្តិភាពនៅកម្ពុជាផងដែរ។
សូមជម្រាបផងដែរថា ក្នុងដំណើរចេញទៅក្រៅប្រទេសជាលើកទី៦ សម្រាប់ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនានោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។ នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។ ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម អ៉ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោក ទាំងមូល។ បច្ចុប្បន្នសន្និសីទនេះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ២៦ ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១៕

អត្ថបទដែលជាប់ទាក់ទង