ឯកឧត្តម គួច ចំរើន ហាមមេភូមិកុំធ្វើជាអ្នករត់ការឬណែនាំប្រជាពលរដ្ឋយកលុយទៅឲ្យមន្រ្តីបម្រើសេវាសាធារណ:

57

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានហាម ដល់មេភូមិទាំងអស់ កុំធ្វើជាអ្នករត់ការ ឬណែនាំប្រជាពលរដ្ឋយកលុយទៅឲ្យមន្រ្តីបម្រើសេវាសាធារណ:ឲ្យសោះ គ្រាន់តែជួយផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់ពួកគាត់ជាអ្នកទទួលសេវាទាំងអស់មកកាន់ ការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់វិញ។


នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកកំពង់សៀមកាលពីថ្ងៃទី ១៣ មិថុនា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានស្នើឲ្យមេភូមិទាំងអស់ក្នុងខេត្តត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលត្រូវការទទួលសេវាសាធារណ:ទាំងអស់មកកាន់ការិយាល័យច្រកចេញចូលតែមួយ ដើម្បីសុំសេវាទាំងនោះដោយខ្លួនឯង ចៀសវាងពឹងពាក់អ្នករត់ការ។ឯកឧត្តមបានហាម ដាច់ខាតមេភូមិទាំងអស់កុំធ្វើជាអ្នករត់ការ ឬណែនាំ ប្រជាពលរដ្ឋ ឲ្យយកប្រាក់ទៅឲ្យមន្រ្តីបម្រើសេវាសាធារណ: ដូចមេភូមិនៅក្រុងកំពង់ចាមកន្លងមកនោះទេ។ មេភូមិមានឥរិយាបថបែបនេះ គឺជារឿងមិនអាចទទួលយកបានទេ គឺជាទង្វើខុសច្បាប់។


ឯកឧត្តម បន្តថា ការិយាល័យច្រកចេញចូលតែមួយជាអង្គភាពសាធារណ:ជារបស់បងប្អូនប្រជាពលរដ្ឋ មិនត្រូវការអ្នករត់ការជំនួសនោះទេ គឺសូមមកកាន់ទីនេះដោយផ្ទាល់ដើម្បីប្រើប្រាស់អង្គភាពនេះបម្រើសេវាឲ្យយើង។ ការពឹងពាក់គេធ្វើឲ្យបាត់បង់នូវសិទ្ធិខ្លួនឯងផង ហើយត្រូវចំណាយលុយកាត់ជាច្រើនទៀតផង។


ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរឿងបង់ពន្ធដារ ឬបង់តម្លៃសេវាសាធារណ: ត្រូវតែមានវិក្កយបត្រ បើបង់ពន្ធ ឬសេវាសាធារណ:រួចហើយគ្មានវិក្កយបត្រនោះ គឺជាអំពើពុករលួយខុសច្បាប់យ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា ខេត្តកំពង់ចាមបច្ចុប្បន្នមានអង្គភាពច្រកចេញចូលតែមួយចំនួន៤គឺនៅរដ្ឋបាលសាលាខេត្តកំពង់ចាម ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ។ ក្នុងនោះកំពុងដំណើរការសង់អគារចំនួន បី ស្រុករួមមាន ស្រុកព្រៃឈរ ស្រុកចម្ការលើ និងស្រុកបាធាយ សម្រាប់ឆ្នាំ២០១៩នេះ ហើយនៅឆ្នាំ២០២០ នឹងដំណើរការសង់អគារនេះចំនួន បួន ស្រុកបន្ថែម គឺមានការិយាល័យច្រកចេញចូលតែមួយគ្រប់ស្រុកក្រុងសរុបចំនួន ១០ របស់ខេត្តកំពង់ចាមតែម្តង៕

អត្ថបទដែលជាប់ទាក់ទង