នគរបាលខេត្តស្ទឹងត្រែងចាប់ខ្លូនជនសង្ស័យម្នាក់និងរឹបអូសថ្នាំញៀនបានជាង១ម៉ឺនគ្រាប់

50

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ដោយចាប់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតបានថ្នាំញៀនចំនូន១៥២៩,៤ក្រាម ទាំងសំបកវេចខ្ចប់ ស្មើនឹង៦០កញ្ចប់តូច ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលដែលចុះបង្ក្រាបបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ភូម្មា ដាំ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិខ្មែរ ។ ទីលំនៅមុនឃាត់ខ្លួនរស់នៅភូមិ សាំបៀង ស្រុកកុសុមា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ចំណែកថ្នាំ ញៀនដែលរឹបអូសបាននេះ មន្ត្រីជំនាញបានធ្វើការហែកកញ្ចប់ និងរាប់ចំនួនជាក់ស្តែងនៅចំពោះលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលបើតាមការប៉ាន់ប្រមាណថ្នាំញៀនខាងលើនេះមានចំនួនប្រមាណជាង១ម៉ឺនគ្រាប់ ជាប្រភេទមេតំហ្វេតាមីនគ្រាប់។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសូរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ចូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង