អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្ដេជ្ញាលុបបំបាត់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ដឲ្យអស់នៅចុងឆ្នាំ២០១៩នេះ

64

វិទ្យុ ជាតិ កម្ពុជា ៖អត្ថបទ លោក ជួន បូណា ៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្ដេជ្ញាលុបបំបាត់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ដឲ្យអស់នៅចុងឆ្នាំ២០១៩នេះ ដើម្បីធានាសុខមាភាពប្រជាពលរដ្ឋ និងសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញការប្ដេជ្ញាចិត្តនឹងខិតខំធ្វើយ៉ាងណា លុបបំបាត់គ្រឿងញៀន ជាពិសេសមិនឲ្យមានការលបលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងក្លឹបកម្សាន្ដ ឬកន្លែងសប្បាយនានានៅទូទំាងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការបង្រ្កាបគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ដើម្បីធានាបានជោគជ័យក្នុងការលប់បំបាត់ សកម្មភាពចែកចាយ ជួញដូរ និងសេពគ្រឿងញៀននៅតាមក្លឹបកម្សាន្តឲ្យទទួលបានជោគ ជ័យ អាជ្ញាធរគ្រឿងញៀននឹងពង្រឹងកិច្ចសហការជាមួយកងកម្លំាងគ្រប់លំដាប់ថ្នាក់និងអាជ្ញា ធរដែនដីដើម្បីចុះត្រួតពិនិត្យនិងឃ្លាំមើលមុខសញ្ញាឲ្យបានជាប់ជាប្រចាំ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តដូច្នេះ គឺដើម្បីទប់ស្កាត់កុំអោយជនល្មើសយកក្លឹបកម្សាន្តឬ កន្លែងសប្បាយភាពនានាធ្វើជាទីផ្សារ សម្រាប់ក្រុមអ្នក ជួញដូរគ្រឿងញៀន។
ឯកឧត្តម នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា បានអំពាវនាវទៅដល់សមត្ថកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវប្រមូលព័ត៌មានមកធ្វើការវិភាគក្នុងមូលដ្ឋាន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការបង្ក្រាប ឲ្យទាន់ពេលវេលា។បន្ថែមពីនេះ ប្រសិនបើមានព័ត៌មាន ទាក់ទងនឹងបញ្ហាគ្រឿងញៀន ក្រៅពីក្លឹបកម្សាន្ដ សមត្ថកិច្ចត្រូវទៅ ធ្វើការបង្ក្រាបភ្លាមៗដែរ ដើម្បីកុំឲ្យមានគ្រឿងញៀន រីករាលដាលតាមបណ្ដាខេត្ត-ក្រុងទៀត ខណៈដែល គ្រឿងញៀនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់សុខមាភាពប្រជាពលរដ្ឋ និងមានបញ្ហាអសន្ដិសុខ បញ្ហាសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម។
សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ កងកម្លាំងមានសមត្ថកិច្ច បានអនុវត្តច្បាប់ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជាង៧ពាន់នាក់ និងរឹបអូសសារធាតុញៀន គ្រប់ប្រភេទសរុបជាង ៣១០គីឡូក្រាម កញ្ឆាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង