ភ្នំភ្លើងជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបន្ទាប់ពីការផ្ទុះភ្នំភ្លើង Semeru

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                    អន្តរជាតិ ៖ ការផ្ទុះភ្នំភ្លើង Semeru ក្នុងខេត្ត Java ខាងកើត បានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពនៃភ្នំភ្លើងផ្សេងទៀត នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧០ លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការផ្ទុះភ្នំភ្លើងSemeru ភ្នំភ្លើងចំនួនបីទៀតបានស្ថិតក្នុងស្ថានភាពប្រកាសអាសន្នកម្រិត ៣ ដែលជា កម្រិតខ្ពស់បំផុតទីពីរ នេះបើយោងតាមរបាយការណ៍សកម្មភាពភ្នំភ្លើងពីមជ្ឈមណ្ឌល Volcanology and Geological Hazard Mitigation (PVMBG) របស់ប្រទេសឥណ្ឌូនេស៊ី។

 ភ្នំភ្លើងទាំងបីគឺ Mt. Merapi ដែលជាភ្នំភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ដែលមានទីតាំងនៅព្រំដែនរវាងខេត្ត Java និង Yogyakarta, Mt. Sinabung ក្នុងខេត្ត Sumatra ខាងជើង និងភ្នំភ្លើង Lewotolok នៅ Nusa Tenggara ខាងកើត (NTT)។ ទន្ទឹមនឹងនេះ ភ្នំភ្លើង Semeru ដែលជាភ្នំភ្លើងខ្ពស់បំផុតនៅលើកោះ Java នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នកម្រិតពីរ។ គ្មានសកម្មភាពទេសចរណ៍ណាមួយត្រូវបានអនុញ្ញាតក្នុងរង្វង់ប្រាំគីឡូម៉ែត្រពីកំពូលភ្នំនោះទេ ហើយប្រតិបត្តិការរុករករ៉ែទាំងអស់ ត្រូវបាន បញ្ឈប់។ អ្នកស្រុក និងអ្នកទេសចរត្រូវបានព្រមានកុំឱ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ ៣ គីឡូម៉ែត្រពីកំពូលភ្នំ។ ដោយសារសកម្មភាពកើនឡើងនៃភ្នំភ្លើង PVMBG បានផ្តល់យោបល់ឱ្យមនុស្សពាក់ម៉ាស់នៅខាងក្រៅ ដើម្បីចៀសវាងផេះភ្នំភ្លើង។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទន្លេជុំវិញភ្នំ ត្រូវបានប្រាប់ឱ្យបន្តប្រុងប្រយ័ត្នចំពោះសក្តានុពលនៃកម្អែ។ យោងតាមទិន្នន័យពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) គិតត្រឹមថ្ងៃទី ១២ ខែធ្នូ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៦ នាក់ ខណៈដែលមនុស្ស ៩ នាក់នៅតែបាត់ខ្លួន ហើយរាប់រយគ្រួសារត្រូវបានបង្ខំឱ្យផ្លាស់ទៅទីជម្រក៕IMG_20211213_103223_599

Comments

Related posts