រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើសុំឱ្យឯកឧត្តម W. Patrick Murphy ជួយពិនិត្យលើការកសាងធនធានមនុស្សទាំងវិស័យឯកជន មន្រ្តីរាជការ និងប្រជាកសិករក្នុងសហគមន៍

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.១០.២០២១

                     ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើសុំឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួយពិនិត្យលើការកសាងធនធានមនុស្ស ទាំងវិស័យឯកជន មន្រ្តីរាជការ និងប្រជាកសិករក្នុងសហគមន៍ ដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការអនុវត្តន៍បច្ចេកវិទ្យាថ្មីៗសមស្រប និងមានប្រសិទ្ធភាព ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្លង កូវីដ-១៩ និងទិសដៅនៃការនាំចេញនាពេលអនាគត ។

ការស្នើសុំបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីតាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាងនិងអភិវឌ្ឍកម្ពុជា ក្នុងនោះក៏មានវិស័យ កសិកម្មផងដែរ ហើយរាល់គម្រោងឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើន បរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តន៍បច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារ អន្តរជាតិ។ 

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើរ រវាងក្រសួងនិងទីភ្នាក់ងារUSAID ក្នុងការអនុវត្តន៍គម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានណែនាំនាយកទីភ្នាក់ងារ USAID ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបំពេញការងារសម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថា លោកស្រីនឹងរួមសហការបានល្អជាមួយក្រសួង ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត ។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ស្ថានទូតនឹងរៀបចំសម្ពោធការិយាល័យ US Department of Agriculture ក្នុងពេលឆាប់ៗខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា នឹងអញ្ជើញឯកឧត្ដមរដ្ឋមន្រ្តីទៅចូលរួមផងដែរ ។ ចំពោះការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយៈការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ។ 

ដោយឡែកចំពោះគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងរៀបចំកម្មវិធីអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះទៅរួមគ្នា ដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែង លើលទ្ធផលសម្រេចបានរបស់គម្រោង ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រនិងស្វាគមន៍ ចំពោះគម្រោង Cold Chain Logistic System ព្រោះឯកឧត្តមបញ្ជាក់ថា វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើស្តង់ដារផលិត វេចខ្ចប់ ថែរក្សា ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់និងអន្តរជាតិ ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម ៕IMG_20211014_055100_125

Comments

Related posts