ទស្សនកិច្ចរបស់ឯកឧត្តម Wang Yi នៅកម្ពុជាទទួលបានការគាំទ្រចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់

វិទ្យុជាតិកម្ពុជា៖ 

 

ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជានាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។

តាមរយៈផេកហ្វេសបុកផ្លូវការ ឯកឧត្តម Wang Wentian បានលើកឡើងថា ចាប់ពីថ្ងៃទី២ដល់៦ ខែសីហា ឯកឧត្តម Wang Yi បានអញ្ជើញបំពេញទស្សនកិច្ច មកកាន់កម្ពុជា និង បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នេះជាលើកទីមួយដែលកិច្ចប្រជុំពាក់ព័ន្ធថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ឯកឧត្តម Wang Yi បានចូលរួមកិច្ចប្រជុំទ្វេភាគីនិងពហុភាគីចំនួន១៩លើក ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ និងសម្រេចបាន «សមិទ្ធផលផ្លែផ្កាធំៗទាំង៦» ក្នុងនោះ សមិទ្ធផលផ្លែផ្កាទី១ គឺជាការទទួលបានការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់ ។

ត្រង់ចំណុចនេះ ឯកឧត្តម Wang Wentian បានរៀបរាប់ថា «បានទទួលការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ «ចិនតែមួយ» ពីបណ្ដាប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោកនាលើកនេះស្របពេលដែល លោកស្រី Pelosi កំពុងតែបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។ នៅក្នុងគ្រប់កិច្ចប្រជុំទាំងទ្វេភាគីនិងពហុភាគី ឯកឧត្តម Wang Yi បានបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ភាគីចិន ចំពោះទង្វើនៃការបង្កបញ្ហារបស់ភាគីអាមេរិកដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន លើកឡើងថាទង្វើដ៏អាក្រក់បំផុតនេះដែលបង្កឡើងដោយលោកស្រី Pelosi បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ បានបំពានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពចិន បានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមប្រតិបត្តិទំនាក់ទំនងអន្តរជាតិ។ ការមិនគោរពតាមសន្យា ប្រើល្បិចកលបង្កបញ្ហាដោយចេតនាលើបញ្ហាកោះតៃវ៉ាន់ ប្រទេសចិន មានតែធ្វើឱ្យភាពជឿជាក់របស់អាមេរិកកាន់តែចុះខ្យោយប៉ុណ្ណោះ។

 ឯកឧត្តមឯកអគ្គដ្ឋទូតចិនបានបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីគោលជំហរ ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និង គាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។ 

ប្រទេសរុស្ស៊ី ឡាវ ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី បង់ក្លាដេស ក្រិក ទួកគី នូវែលសេឡង់ និងប្រទេសដទៃទៀតក្នុងសកម្មភាពទ្វេភាគី និងពហុភាគីនៃកិច្ចប្រជុំបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថានឹងរក្សាបាននូវសន្តិភាព និងស្ថិរភាពនៃបរិយាកាសអន្តរជាតិនិងក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មី អំពីគោលនយោបាយចិនតែមួយ និង អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ៕IMG_20220815_174536_576

Comments

Related posts