វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៦ ០៤ ២០២១
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន(Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ហៅកាត់ថា WHO លើកឡើងថា វាមិនទាន់ហួសពេលក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរបាននោះឡើយ បើទោះជានៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា នៅពេលមានសមាសធាតុទាំងអស់រួមគ្នា គឺគេអាចបញ្ឈប់ កំណើន និងកាត់បន្ថយការចម្លងនេះបាន។ យើងមើលឃើញការដឹកនាំដ៏រឹងមាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកជាច្រើន។ ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរួប ខណៈវីរុសដ៏កាចសាហាវនេះ កំពុងរាតត្បាតនៅតាមសេវាកម្សាន្ត រោងចក្រ និងផ្សារ រួមទាំងអាជីវកម្មតូចៗ។ លោកស្រី បន្តថា ការផ្ទុះឡើងនូវជំងឺនេះ នៅតាមរោងចក្រ និងផ្សារនានា ក្នុងពេលបច្ចុប្បន្ន គឺជាសារមួយ ដ៏គួរឱ្យឈឺចាប់ ដែលរំឭកប្រាប់យើងពីសារសំខាន់នៃការដាក់ចេញ និងអនុវត្តវិធានការ ក្នុងការកាត់បន្ថយហានិភ័យឱ្យបានមុនពេលការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ។ លោកស្រី បានពន្យល់ថា ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ព្រោះថាជំងឺកូវីដ១៩នេះ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩.៩៧៥ នាក់ ក្នុងនោះ ត្រូវបានព្យាបាលជាសះស្បើយចំនួន៣.៤០០នាក់ ខណៈមានអ្នកកំពុងសម្រាកព្យាបាលចំនួន៦.៤៩៥នាក់ និងអ្នកស្លាប់ចំនួន៧៤នាក់៕
Comments