វិទ្យុកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាឱ្យយោធាកាលពីថ្ងៃពុធ "ឱ្យមានការសងសឹកភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់" ក្នុងករណីមានការបង្កហេតុណាមួយរបស់កូរ៉េ ខាងជើង ក្នុងពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេ អ៊ែរជាលើកដំបូងក្នុងរយៈ ពេលប្រាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា។
ការិយាល័យប្រធានាធិបតីបាននិយាយថា លោក Yoon ដែលបានចូលកាន់តំណែងកាលពីខែឧសភា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់គាត់ជាមួយមេបញ្ជាការយោធាកំពូល និងបានអំពាវ នាវឱ្យមានសមត្ថភាពខ្លាំងក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។ កូរ៉េខាងជើងនៅឆ្នាំនេះ បាននិងកំពុង ធ្វើការសាក ល្បងមីស៊ីលក្នុងល្បឿនដែល មិនធ្លាប់មានពីមុនមក ហើយ ត្រូវបានគេជឿថា នឹងត្រៀម ខ្លួនសម្រាប់ការសាកល្បង នុយក្លេអ៊ែរ លើកទីប្រាំពីរ របស់ខ្លួន។ កិច្ចប្រជុំយោធានេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសអាមេរិកបានមកដល់ប្រទេសកូរ៉េខាងត្បូងក្នុងដំណើរទស្សនកិច្ចដែលបានប្រកាសជាសាធារណៈលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ខណៈដែលសម្ព័ន្ធមិត្ត និងកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរចូលរួមនៅ ក្នុងវដ្តនៃការបង្ហាញអាវុធកាន់តែកើនឡើង។ យោងតាមការិយាល័យប្រធានាធិបតី "លោក Yoon បាននិយាយថាសមត្ថភាពការពារដ៏រឹងមាំគួរតែត្រៀមខ្លួនដើម្បីការពារសន្តិសុខរបស់ប្រទេស និងផលប្រយោជន៍ជាតិ ខណៈដែលភាពមិនច្បាស់លាស់ផ្នែកសន្តិសុខជុំវិញកូរ៉េខាង ត្បូង និងអាស៊ីឦសានកំពុងកើនឡើងជាងពេលណាៗទាំងអស់" ។ កាលពីសប្តាហ៍មុន លោក Yoon បានជួបជាមួយលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅខាង ក្រៅកិច្ចប្រជុំកំពូល NATO នៅទីក្រុង Madrid ហើយបានយល់ព្រមស្វែងរកមធ្យោ បាយបន្ថែមទៀត ដើម្បីពង្រឹង "ការរារាំងបន្ថែម" ប្រឆាំងនឹងកូរ៉េខាងជើង៕
Comments