ក្រសួងប្រៃសណីយ៍កំពុងបន្តពិភាក្សាជាមួយ YouTube ដើម្បីដោះស្រាយបញ្ហានៃការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងបន្តពិភាក្សាជាមួយក្រុមហ៊ុន YouTube ដើម្បីដោះស្រាយបញ្ហានៃការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្ម ខណៈដែលយូធូបបានផ្អាកការផ្សព្វផ្សាយនេះជាង៩០ប្រទេស រួមទាំងកម្ពុជាផង ។
យោងតាមសេចក្តីរបស់ក្រសួងប្រៃសណីយ៍និងនិងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិត មាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។ បន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជាផង ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTubePartner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

photo_2021-05-18_09-19-23
ក្រសួងប្រៃសណីយ៍ បន្តថា ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណៈសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “កម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

photo_2021-05-17_18-31-27
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTubeក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស ៕

Comments

Related posts