ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍២០កុម្ភៈ នឹងទទួលបានថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ០២,០៣,២០២១

MC៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នឹងទទួលបានថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម ដើម្បីជួយដោះស្រាយជីវភាពរស់នៅ បងប្អូនឱ្យបានធូរស្រាលបានមួយកំរិត ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងការជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលមាន ការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ដូចនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់ រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀលក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល និងអង្ករ ២០គីឡូក្រាម។ 

ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង០៤ ទី១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ » ,ទី២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផល អវិជ្ជមាន, ទី៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ, និងទី៤- អ្នកដែលមានជីវភាពខ្វះខាត។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នឹងសហការអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Comments

Related posts