រយៈពេល១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រចកជើងចំពាម នៅតំបន់ទេសភាពខ្ពង់រាបខាងកើតធ្លាក់ចុះគួរឱ្យព្រួយបារម្ភ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០១ ២០២១

ក្រុមអ្នកស្រាវជ្រាវ អះអាងថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រចកជើងចំពាម នៅតំបន់ទេសភាពខ្ពង់រាបខាងកើតធ្លាក់ចុះ គួរឱ្យព្រួយបារម្ភ ដែល បញ្ហានេះទាមទារនូវកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សឱ្យបានម៉ឺងម៉ាត់ចំពោះចំនួនសត្វព្រៃដែលនៅសេសសល់ក្នុងពេលបច្ចុប្បន្ន។

កញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានឱ្យដឹងថា សត្វព្រៃប្រភេទក្រចកជើងចំពាមមានដូចជា៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើមនេះ មានចំនួនកាន់តែតិចទៅៗនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច គិតចាប់ពីឆ្នាំ២០១០ ដល់បច្ចប្បន្ន។

ថ្លែងក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសត្វក្រចកជើងចំពាម នៅតំបន់ទេសភាពខ្ពង់រាបខាងកើត ស្ថិតក្នុងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កញ្ញា Milou បានបញ្ជាក់ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សត្វទន្សោងបានធ្លាក់ចុះចំនួន៧២ភាគរយ ដោយតាមការ ប៉ាន់ស្មាន បច្ចុប្បន្ននៅសេសសល់ប្រហែល៨៥៦ក្បាលប៉ុណ្ណោះ ខណៈការ សិក្សាកាលពីឆ្នាំ២០១០-២០១១ មានប្រហែលជាង៣ពាន់ក្បាល នៅក្នុងដែន ជម្រកសត្វព្រៃស្រែពក និងក្នុងដែន ជម្រកសត្វព្រៃភ្នំព្រេច។ សត្វឈ្លូស តាមការប៉ាន់ស្មាន បច្ចុប្បន្ននៅសេសសល់ប្រហែល៣.៣៥០ ក្បាល ដោយធ្លាក់ចុះ៥២ភាគរយ បើធៀបនឹង១០ឆ្នាំមុន ដែលមានប្រហែលជិត៧ ពាន់ក្បាល។ ជ្រូកព្រៃ បានធ្លាក់ចុះចំនួន ១៨ភាគរយ ដោយតាមការប៉ាន់ស្មានបច្ចុប្បន្ននៅសេសសល់ប្រហែលជាង៤ពាន់ក្បាល ផ្ទុយពីការសិក្សាកាលពីឆ្នាំ២០១០- ២០១១ មានប្រហែលជិត៧ពាន់ក្បាល។ ដោយឡែក ពពួកសត្វប្រើស រមាំង និងខ្ទីង ក៏ត្រូវបានកត់ត្រាក្នុងចំនួនសេសសល់តិចតួចនៅក្នុងតំបន់នេះ។ អ្នកជំនាញរូបនេះ លើកឡើងថា កត្តាដែលនាំឱ្យពពួកសត្វទាំងនេះថយចុះ គឺដោយសារបញ្ហាព្រៃជម្រក ការដាក់អន្ទាក់ ការប្រមាញ់ខុសច្បាប់ និងការជួញដូរ ព្រមទាំងបញ្ហាខ្វះប្រភពទឹក។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានទទួលស្គាល់ពីកត្តាគំរាមកំហែងដល់ពពួកសត្វព្រៃទាំងនេះ ដោយឯកឧត្តមអំពាវនាវឱ្យមានការចូលរួមការពារទាំងអស់គ្នា ខណៈបច្ចុប្បន្នមន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារមានចំនួនតិចតួច។ ឯកឧត្តម មានប្រសាសន៍ថា ពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង១.២០០នាក់ នៃក្រសួងបរិស្ថាន បានចុះល្បាតសរុបចំនួន ២៧.០០០លើក ដោយបានបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ករណី ដែលភាគច្រើនជាបទល្មើសលួចកាប់ឈើ ការ រុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។ ឯកឧត្តមបញ្ជាក់ថា អន្ទាក់ចាប់សត្វជិត ៥ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ក្នុងនោះនៅក្នុងខេត្តមណ្ឌលគិរី អន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ខណៈឧបករណ៍នេះ ជាឃាតក លាក់មុខ ដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ និងអាចសម្លាប់មនុស្សផងដែរ។ ឯកឧត្តម បន្តថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់ បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់និងដោះចេញនិង បំផ្លាញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិត សត្វព្រៃ។

បើតាមការបញ្ជាក់បន្ថែមរបស់ លោក សេង ទៀក នាយកអង្គការ WWFប្រចាំកម្ពុជា បានឱ្យដឹងថា អន្ទាក់ ដែលត្រូវជនល្មើសដាក់ ដើម្បីចាប់សត្វព្រៃ មានដូចជា៖ អន្ទាក់ប្រើចរន្តអគ្គិសនីឆក់ អន្ទាក់ខ្សែកាប អន្ទាក់ខ្សែគោ អន្ទាក់អង្គុបដែក ដែលអន្ទាក់ទាំងនេះមានតម្លៃថោក ប៉ុន្តែមានគ្រោះថ្នាក់បំផុតចំពោះសត្វព្រៃ និងមនុស្ស៕

Comments

Related posts