ក្រុងព្រះសីហនុនឹងក្លាយជាទីតាំងសម្រាប់ការរត់ប្រណាំងជាលក្ខណៈអន្តរជាតិ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
 
MC៖អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឱ្យដឹងថា ក្រុងព្រះសីហនុនាថ្ងៃអនាគតនឹងក្លាយជាទីតាំងមួយដ៏ល្អសម្រាប់ការរត់ប្រណាំងជាលក្ខណៈអន្តរជាតិ ក្រោយពីការកែលម្អហេដ្ឋារ​​ចនាសម្ព័ន្ធ​រួច​រាល់ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពីមុនក្រុងព្រះសីហនុគឺធ្លាប់មានការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងរួចហើយ ប៉ុន្តែព្រោះ​​តែ​ក្រុង​ព្រះសីហនុខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែការកើនឡើងយ៉ាងគំហុកនៃការអភិវឌ្ឍនិងគ្រោះទឹកជំនន់ ដូច្នេះធ្វើឱ្យមានការអាក់ខាន ។
 
ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្រោយពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ពិតជាមានអំណោយផលខ្លាំងណាស់ ដែលបរទេសច្រើនចូលចិត្តរត់តាមឆ្នេរសមុទ្រ ដែលមានបរិយាកាសល្អ ។ ឯកឧត្តម បញ្ជាក់ថា នៅឆ្នាំ​​ក្រោយ​ៗ​នេះនឹងមានការរៀបចំជាព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបញ្ឆេះឬស្តារស្ថានភាពសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ឱ្យបានកើនឡើងវិញ នៅលើទឹកដីខេត្តព្រះសីហនុ។
 
សំឡេង«ទេសភាពនៅឆ្នេរសមុទ្ររបស់យើង ពីឆ្នេរអូរឈើទាលទៅ ឆ្នេរអូត្រេះ ឆ្នេររាមគឺស្រស់ស្អាតណាស់ ខ្យល់អាកាសល្អ ថ្ងៃក្រោយក្លាយទៅជាទីតាំងសក្តានុពលដ៏ធំសម្រាប់ធ្វើ​​ជាការរត់ប្រណាំងអន្តរ​​ជាតិកម្រិត​​អន្តរជាតិ ម៉ារ៉ាតុនកម្រិតអន្តរជាតិនៅទីនោះ ដោយសារតែគណៈកម្មាធិការជាតិអូឡាំពិកបានទទួលនូវសេចក្តីសម្រេចការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យរៀបចំធ្វើពាក់កណ្តាល​​ម៉ារ៉ាតុនជារៀងរាល់ឆ្នាំ​​នៅក្រុងព្រះ​​សីហនុរួចហើយ មុនៗយើងធ្លាប់ធ្វើហើយ » ។
  គួរកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាត ដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លង​​មកនេះ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះមានផ្លូវថ្នល់យ៉ាងស្រស់ស្អាត លូប្រឡាយធំៗ និងប្រព័ន្ធចម្រោះទឹកសម្អុយ ឱ្យស្អាតមុនចូលសមុទ្រ នឹងប្រែក្លាយក្រុងព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប ។
 
  សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទំាង៣៤ខ្សែស្ថិតក្នុងក្រុងព្រះសីហនុដែលមានប្រវែងជាង៨៤គីឡូម៉ែត្រនេះ សម្រេចបានជិត១០០ភាគ រយហើយ បន្ទាប់ពីត្រូវបានបើកការដ្ឋានសាងសង់កាល​​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕photo_2021-01-18_13-57-30photo_2021-01-18_13-57-29
photo_2021-01-18_13-57-28-1

Comments

Related posts