កសិករធ្វើអំបិលកំពត-កែបកំពុងប្រមូលផលបណ្ដើរៗហើយ ដោយទទួលទិន្នផល និង តម្លៃល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

MC៖ មន្ត្រីជំនាញបានឱ្យដឹងថា ការងារផលិតអំបិលសម្រាប់ឆ្នាំថ្មីដើមឆ្នាំ២០២១នេះ ប្រជាកសិករខេត្តកំពត-កែប កំពុងចាប់ផ្ដើមប្រមូលផលអំបិលជាបណ្ដើរៗហើយ ដោយ មានកន្លែងខ្លះ ទើបប្រមូលផលបានម្ដង កន្លែងខ្លះបានពីរដង និងមានកន្លែងខ្លះទៀត ជិតចាប់ផ្ដើមប្រមូលផល។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការផលិតអំបិលកាលពីឆ្នាំ ២០២០សម្រាប់ខេត្តកំពត-កែប ទិន្នផលអំបិលខ្ពស់ ប្រមូលបានជិត១០ម៉ឺនតោនដែលអាច គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ។បើគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ មានសល់អំបិលក្នុងឃ្លាំងប្រហែលជាង១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ទៅឆ្នាំថ្មី ។

សំឡេង៖ «ពេលនេះចាប់ផ្ដើមប្រមូលផលបាន៣មណ្ឌល គឺមណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ និងមណ្ឌលត្រើយកោះ បានចាប់ផ្ដើមប្រមូលផលបណ្ដើរៗហើយ។ ហើយនៅសល់៣មណ្ឌលទៀតកំពុងតែចាប់ផ្ដើមជិតបានប្រមូលផលហើយ។ ដោយការប្រមូលផលក្នុងមួយមណ្ឌលបាន៤ទៅ៥ក្រុមផលិត  វាមិនទាន់បានប្រមូលផលស្រុះគ្នានៅឡើយទេ។ ដោយមានអ្នកខ្លះធ្វើទៅរាងយឺតបន្តិច មានអ្នកខ្លះធ្វើបានមុនទៅ អាចកើបបានពីរដង អ្នកណាខ្លះទៀតទៅកើបបានម្ដង អ្នកខ្លះទៅអំបិលចាប់ផ្ដើមបណ្ដុះនៅស្រែបណ្ដុះអត់ទាន់បានកើប»។

លោកប្រធានបញ្ជាក់ថា បច្ចុប្បន្នអំបិលចំនួន៥០គីឡូក្រាម ប្រភេទលេខ១ មានតម្លៃ ចន្លោះពី១ម៉ឺន២ពាន់រៀលទៅ១ម៉ឺន២ពាន់៥រយរៀល ប្រភេទលេខ២ តម្លៃ១ម៉ឺនរៀល និងប្រភេទលេខ៣ តម្លៃចន្លោះពី៨ពាន់ទៅ៩ពាន់រៀល៕C1D12AE5-0E3F-4C0D-95C0-A83623BDA1FB

Comments

Related posts