អាជ្ញាធរខេត្តត្បូងឃ្មុំ បន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ ដល់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖អាជ្ញាធរខេត្តត្បូងឃ្មុំ បានបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ ដល់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេសជិត៦ពាន់នាក់ ដើម្បីការពារជំងឺដ៏កាចសាហាវមួយនេះ កុំឱ្យចូលទៅក្នុងសហគមន៍ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្នានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ មករានេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមាន ប្រសាសន៍ថា គិតត្រឹមថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានអប់រំដោយផ្ទាល់ពីវិធីបង្ការជំងឺឆ្លង ជូនពលករដែលបានវិលត្រឡប់ មកពីក្រៅប្រទេសសរុបចំនួន ៥,៨១៥ នាក់ ក្នុងនោះស្រី ២,៣២១ នាក់  ខណៈអ្នកមកពីប្រទេសថៃមានចំនួន ៤,៥៤៥ នាក់ ស្រី ១,៨៤២នាក់ និងប្រទេសផ្សេងៗ ចំនួន ១,២៧០នាក់ ស្រី៤៧៩នាក់ ។
ឯកឧត្តមបន្តថា អាជ្ញាធរបានជំរុញ គណៈបញ្ជាការឯកភាពក្រុង-ស្រុក ធ្វើការផ្សព្វផ្សាយទៅដល់ឃុំ-សង្កាត់ និងទីតាំងសំខាន់ៗ តាមចំនួនដែលបានកំណត់ ដោយធ្វើការផ្សព្វផ្សាយ តាមរយៈការចាក់ផ្សាយតាម ទូរទស្សន៍ Online ចាក់ផ្សាយតាមវិទ្យុជាតិត្បូងឃ្មុំ តាមវេបសាយមន្ទីរព័ត៌មានខេត្ត ការចាក់ផ្សាយតាមឧឃ្ឃោសនស័ព្ទ ការផ្សព្វផ្សាយតាមបណ្តាញសង្គម បិទផ្សាយផ្ទាំងរូបភាព នៅគ្រប់បណ្ដាឃុំ-សង្កាត់ទាំង៦៤ និងភូមិ ចំនួន ៨៧៣ភូមិ។
សំឡេង«ដោយសារប្រទេសកម្ពុជាកើតនូវជំងឺកូវីដ-១៩នេះឯកឧត្ដមអភិបាលក៏មានវិធានការផ្សព្វផ្សាយឱ្យយើងខ្ញុំជួលមេក្រូ មកផ្សព្វផ្សាយការពារពីជំងឺកូវីដនេះ ដូចប្រសាសន៍របស់សម្តេច ៣កុំ ៣ការពារនេះ យើងខ្ញុំក៏បានចុះទៅផ្សព្វផ្សាយជម្រាបជូនចំពោះប្រជាពលរដ្ឋរបស់យើង ដាក់ជាមេក្រូតាមឧឃ្ឃោសនស័ព្ទតាមតុកតុកខ្លះទៅហើយក៏ក្រុមប្រឹក្សាឃុំរបស់ខ្ញុំក៏បានចុះទៅផ្សព្វផ្សាយជម្រាបជូនប្រជាពលរដ្ឋ ។ ហើយសព្វថ្ងៃនេះប្រជាពលរដ្ឋអន់ចិត្តគ្រាន់ថា ពិធីមង្គលការតិចទេ ព្រោះយើងខ្ញុំហាមគាត់មិនឱ្យការ ប៉ុន្តែពួកគាត់នៅតែរៀបចំសែនព្រេនខ្លះៗអ៊ឺចឹងដែរ ដូចប្រសាសន៍សម្តេចតេជោហ៊ុនសែន លោកថា មិនឱ្យយើងជួបជុំគ្នាច្រើន ៣កុំនោះ អ៊ឺចឹងខ្ញុំផ្សព្វផ្សាយតាមហ្នឹង »។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុត នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២០ ហើយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន ៥៣នាក់ ៕photo_2021-01-19_16-04-56

Comments

Related posts