វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
ភ្នំពេញ៖ រដ្ឋបាលស្រុកអូររាំងឪ បានចាប់ផ្តើបរៀបចំឱ្យមានការប្រមូលសំរាម នៅតាម ទីប្រជុំជនទូទាំងស្រុក ដើម្បីលើកកម្ពស់អនាម័យ កាត់បន្ថយការបំពុលបរិស្ថាន និង ផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោក នួន ប៊ុណ្ណា អភិបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា គម្រោង ប្រមូលសំរាមនៅតាមទីប្រជុំជនក្នុងស្រុកនេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំ និងជំរុញក្រុមហ៊ុនឯកជនឱ្យមកផ្តល់ សេវាប្រមូលសំរាមនៅទីប្រជុំជនស្រុកអូររាំងឪ ដោយបានឧបត្ថម្ភជារថយន្តដឹកសំរាម ម៉ូតូរ៉ឺម៉កកង់បី និងសម្ភារផ្សេងៗបន្ថែមទៀត ក្នុងការផ្តល់សេវាដឹកនៅពេលឆាប់ៗខាងមុខ នេះ ស្របពេលដែលបច្ចុប្បន្ននេះ នៅក្នុងស្រុកអូររាំងឪ មានឡដុតសំរាម និងទីលានចាក់ សំរាមរួចរាល់។
លោកបានបញ្ជាក់ថា ការបង្កើតឱ្យមានការប្រមូលសំរាមនៅតាមទីប្រជុំជននេះ នឹង បានជួយកាត់បន្ថយសំរាមមួយភាគធំ ដែលបានបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវ តាមទីផ្សារ តាមសួនច្បារនិងតាមទីសាធារណៈ ដែលប្រការនេះ បានលើកកម្ពស់ សោភ័ណភាព អនាម័យបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សំឡេង«រៀបចំផែនការឆ្លើយតបទាន់ពេលវេលាបង្កើនការអប់រំ និងចូលរួមរបស់ ប្រជាពលរដ្ឋ លើការទុកដាក់គ្រប់គ្រងសំរាមសំណល់រឹង រាវ និង ត្រៀមរៀបចំទីលាន បច្ចេកទេសក្នុងការទុកដាក់និងកែច្នៃសំរាម»។
លោកអភិបាលស្រុក បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អ ស្រុករបស់យើង ឱ្យទៅជាស្រុកមួយ ដែលពោរពេញដោយភាពស្អាតស្រស់បំព្រង មានអនាម័យ និងបរិយាកាសល្អ៕
Comments