ក្រសួងកសិកម្មលើកទឹកចិត្តឱ្យកសិករ ធ្វើកសិកម្មតាមបច្ចេកទេសថ្មី ដើម្បីរក្សាគុណភាពដី និង ទទួលបានផលច្រើន

 វិទ្យុជាតិកម្ពុជា៖ អ៊ី កនិកា
     លោក សេង  វ៉ាង    ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលបាននិងកំពុង ជំរុញឱ្យកសិករដាំបន្លែ និងឈើហូបផ្លែបន្ថែមទៀតតាមគោលការណ៍បច្ចេកទេស ដើម្បីធានាការហូបចុកក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ព្រមទាំងបានជួយរកប្រាក់ចំណូល ដល់ប្រជាកសិករ។ 
សំឡេង៖ « អគ្គនាយកដ្ឋានកសិកម្ម យើងមានជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យ កសិកម្ម ២០១៩ដល់២០២៣ ប៉ុន្តែប្រជាកសិករមួយចំនួន ភាគច្រើន អនុវត្តតាមទម្លាប់ របស់កសិករ ពួកគាត់ក៏បន្សាំទៅតាមស្ថានភាពដីនៅក្នុងការប្រែប្រួលអាកាសធាតុ គាត់យល់ដឹងតែផ្នែកការប្រើប្រាស់បន្សាំតពីដូនតាមក វាអាចផ្តល់ភាពងាយរងគ្រោះ ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកាលៈទេសៈ នាពេលបច្ចុប្បន្ននេះ បើយល់ដឹង តាមបច្ចេកវិទ្យា គ្រប់គ្រងការប្រើប្រាស់ដីឱ្យបានសមស្រប តាមរយៈអ្នកជំនាញ បច្ចេកទេស វាអាចជួយដល់ប្រជាកសិករ យើងទទួលបានប្រសើរឡើង ទៅនឹងការប្រែប្រួលអាកាសធាតុ»។ 
លោកបានបញ្ជាក់បន្ថែមថា មន្ទីរកសិកម្មគ្រប់ខេត្តបានបន្តចុះបណ្តុះបណ្តាល និង ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បី ជាការរួមចំណែកលើកកម្ពស់ ចំណេះដឹងរបស់បងប្អូនប្រជាកសិករ ឱ្យចេះគ្រប់គ្រង ការប្រើប្រាស់ដីកសិកម្មដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩ដល់២០២៣។
      សូមបញ្ជាក់ថា កាលពីពេលកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដាំបន្លែបន្ថែម ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ខណៈរាជរដ្ឋាភិបាលបានបិទ ការនាំចូលពីក្រៅប្រទេស៕-6

Comments

Related posts