មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញមន្ត្រីឧទ្យានុរក្សត្រូវតែបង្កើនសមត្ថភាព ក្នុងការចុះល្បាត

អត្ថបទលោក វ៉ាងភក្តី

មណ្ឌេគិរី៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា មន្ត្រីឧទ្យានុរក្សទាំងអស់ ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន​និងបទពិសោធថ្មីៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ បើទោះបីជាមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និង ការពារនិងអភិរក្សធនធានធម្មជាតិក្ដី។


  ថ្លែងក្នុងឱកាសប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី ក្នុងដំណើរទស្សនកិច្ចផ្នែកសារព័ត៌មាន ដែល​រៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានបញ្ជាក់ថា ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាពគឺជាការចាំបាច់បំផុត ព្រោះការងារ​ជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខ ច្រើនក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់​គ្រប់ប្រភេទ​ដែលត្រូវ​ជនខិលខូចដាក់ នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។


  បើតាមឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា មុននឹងចូលបំពេញការងារ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលត្រូវបានជ្រើសរើស ទទួលបាននូវការបណ្តុះបណ្តាលផ្នែកសមត្ថភាពវិជ្ជាជីវៈលើវិធីសាស្ត្រនៃការដើរ ល្បាត ច្បាប់បទដ្ឋានផ្សេងៗក្នុងនោះរួមមានទាំងច្បាប់នៃការប្រើប្រាស់អាវុធ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងវិធីសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការ WWF មន្ត្រីឧទ្យានុរក្ស បានទទួលការហ្វឹកហាត់នូវវិធី សាស្ត្រថ្មីៗបន្ថែម រួមនឹងវិធីសាស្ត្រនៃការពង្រឹងកាយសម្បទារបស់មន្ត្រីឧទ្យានុរក្សផងដែរ។


មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន៦រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះមន្ត្រីឧទ្យានុរក្ស៣រូប បំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀត បំពេញការងារយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី ។


ឯកឧត្តម នេត្រ ភក្ត្រា ដែលបាន ប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយផ្ទាល់ដល់មន្ត្រីឧទ្យានុរក្សនៅស្នាក់ការត្រពាំងធ្មៀរនៃដែនជម្រកសត្វព្រៃស្រែពក  បានថ្លែងថា ប័ណ្ណសរសើរ មេត្រីភាពបរិស្ថាននេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ កម្លាំងកាយ កម្លាំងចិត្ត ដ៏មោះមុត ក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា ។

ឯកឧត្តម លើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុម​គ្រួសារមន្ត្រី​ឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយាស្វាមី កូនៗ របស់មន្ត្រីឧទ្យានុរក្ស ដែលបានអនុញ្ញាតឱ្យកូន ស្វាមី ឬភរិយារបស់ខ្លួន ចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិ ដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។

photo_2021-01-20_16-32-48
ក្រៅពី ទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងដែន ជម្រកសត្វព្រៃស្រែពក និង ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបាន លិខិតសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ។


លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានគាំទ្រលើការកសាងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ការរៀបចំយុទ្ធសាស្រ្តនិងការពង្រឹងអនុវត្តច្បាប់។ លោកថ្លែងថា មានសមិទ្ធផលជាច្រើនដែលទទូល​បានចេញពីការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃទាំងពីរ ចាប់ពីឆ្នាំ២០១៣-២០២០ ក្នុងនោះឧទ្យានុរក្សប្រមូលអន្ទាក់ បានសរុបជាង២ម៉ឺន៤ពាន់អន្ទាក់ រណាយន្ត១.៧៥២គ្រឿង ឈើជិត៣ម៉ឺនម៉ែត្រគូប និងចាប់បានជនប្រព្រឹត្ត ១២៣នាក់ បញ្ជូនទៅតុលាការ។


បើតាមការបញ្ជាក់ពីលោក ប៉ែន ភក្រ្តា នាយកគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក បានឱ្យដឹងថា បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សចំនួន៥១នាក់ សត្តរក្សចំនួន៤៦នាក់ និងក្រុមល្បាតសហគមន៍ចំនួន៥៨៨នាក់ បាន បង្កើនសមត្ថភាព និងសកម្មភាពចុះត្បាត និងការពារធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកដែលមានផ្ទៃដីសរុបប្រមាណ៦ម៉ឺនគីឡូម៉ែត្រការ៉េ។ សកម្មភាពអនុវត្តច្បាប់ មានដូចជាការបង្ហោះដ្រូនសម្រាប់ការឈ្លបយកព័ត៌មាន និងជំនួយដល់ការល្បាត គួបផ្សំការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើនការដោះអន្ទាក់ និងបង្រ្កាបការកាប់ឈើរខុសច្បាប់ក្នុងតំបន់ការពារ៕photo_2021-01-20_16-33-03

Comments

Related posts