រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិ ឱ្យកាន់តែមានសោភ័ណភាពថែមទៀត

វិទ្យុជាតិកម្ពុជា ៖ 
ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ ប្រាណផងដែរ។

គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២១ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធ្វើឱ្យសួនច្បារ នេះកាន់តែមានសម្រស់ស្រស់ស្អាតហើយមានភាពស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។

ឯកឧត្តម ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទំាងស្រុងចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែលភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ច្រើន។

ឯកឧត្តមបានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារ នេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់និងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះ​បានស្រស់ស្អាតទំាងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងល្អប្រណិតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។ 
 
ឯកឧត្តមបាន បញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយ នឹងគម្រោង ស្ថាបនាអគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតី​ភាពសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរង្វង់ខែ មិថុនា ឆ្នាំ ២០២១នេះ។ បន្ទាប់មកតំបន់នេះនឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិន ប្រឈមនឹងការកកស្ទះដូចសព្វថ្ងៃឡើយ។

សំឡេង«បើមើលមួយភ្លែតយើងថាជាការកែសួនធម្មតា ប៉ុន្តែបើសិក្សាពីប្រវត្តិសួន ឃើញថាសួននេះស្ថាបនា យូរលង់ណាស់មកហើយ ហើយវាសិ្ថតនៅទីតំាងផ្លូវអន្តរជាតិ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើការឆ្លង​កាត់ អ៊ីចឹងទេការកែលម្អសួនសូមឱ្យលោកសំា ពិសិដ្ឋ ធ្វើកិច្ចការងារនេះជាមួយក្រុមការងារបច្ចេកទេស ហើយឱ្យចេញជាប្លង់សួនចេញពីកា្តន់២ធ្វើម៉េចឱ្យមានស៊ីមេទ្រីគ្នាក្នុងរចនាបថតែមួយ ខ្ញុំសូមឯក ភាពទំាងស្រុង»។

  ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងការពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណ​​ភាព ក្រសួង និងសួនច្បារឱ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ គឺបានទាំងបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕

Comments

Related posts