ប្រមុខការពារជាតិបន្តអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នជំងឺកូវីដ-១៩ខណៈកម្ពុជាបន្តរកឃើញអ្នកឆ្លងថ្មី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ តាមរយៈ ផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការ ប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល  ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ​នៅ​តាម​ច្រក​ចែញចូលកម្ពុជា-ថៃ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ការអំពាវនាវបែបនេះ ដោយសារតែបច្នុប្បន្ននេះពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីជាបន្តបន្ទាប់  ជាពិសេសប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសជិតខាង។

បើយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា  គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៩៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧នាក់ ៕

Comments

Related posts