កម្ពុជា និងកូរ៉េ ដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០១ ២០២១

    ធនាគារជាតិនៃកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា(KOIKA) បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធរីធែលផេ‍(Retail Pay) ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋធ្វើការទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

      ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សេវាកម្មនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការផ្ញើសាច់ប្រាក់ បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដោយមិនបាច់បារម្ភពីហានិភ័យនៃការបាត់បង់សាច់ប្រាក់ ឬចោរលួចនោះឡើយ។

      លោកជំទាវ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ‍ ដែលជាអាទិភាពមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

      ប្រព័ន្ធរីធែលផេ‍ ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្តល់ជំនួយឥតសំណងពី ទីភ្នាក់ងារKOIKA ចំនួន៨លានដុល្លារសម្រាប់លើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិ ក្នុងប្រទេសកម្ពុជារួមមាន៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ ប្រព័ន្ធទូទាត់ចល័ត និងប្រព័ន្ធទូទាត់តាមរយៈQRកូដ។

       លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការទូទាត់តាមប្រព័ន្ធអេឡេចត្រូនិច គឺផ្តល់ភាពងាយស្រួលទាំងរូបវ័ន្តបុគ្គលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងផ្តល់ព័ត៌មានពីចរាចរសាច់ប្រាក់នៅកម្ពុជាដល់ធនាគារកណ្តាល និងធនាគារឯកជនផងដែរ។ 

       លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯក ជននៅកម្ពុជា មានប្រសាសន៍ថា ការជំរុញឱ្យប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក គឺចំណេញទាំងពេលវេលា និងជំរុញដល់ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ដោយសារប្រព័ន្ធទូទាត់នេះ កាត់បន្ថយបាននូវការបោះពុម្ពរូបិយប័ណ្ណជាតិ។

       លោក រោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារKOIKA ប្រចាំនៅកម្ពុជា មាន ប្រសាសន៍ថា ប្រព័ន្ធទូទាត់ថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមួយ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។

       យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មកដល់ពេល នេះ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនដែលចូលជាសមាជិកនៃប្រព័ន្ធរីធែលផេ‍នេះ មានចំនួន២២ធនាគារហើយ ខណៈធនាគារជាតិ នៃកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះ ស្ថានធនាគារមួយដែលមានឈ្មោះថា «បាគង» ដើម្បីផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការផ្ទេរប្រាក់ និងទទួលសាច់ប្រាក់៕5FCB97EC-60B3-4E22-A41E-134ABE7D7E2FD0085789-3508-4CE7-8D93-E283614E0C48D0085789-3508-4CE7-8D93-E283614E0C486A29EEB5-ACB2-4F3B-A0E9-C99C540C022F63DD716A-E19F-4549-BFAD-02288699293E

Comments

Related posts