វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា
MC ៖សម្ដេចក្រឡាហោម ស ខេង បាន ជំរុញការបណ្ដុះបណ្ដាល និងកសាងធន ធានមនុស្សលើការងារធ្វើជំរឿននិងអង្កេត ដើម្បីធានាការងារជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់ និងមាន ប្រសិទ្ធភាពខ្ពស់ ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការ ណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យយកចិត្តទុកដាក់បណ្ដុះ បណ្ដាល និងកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាពលើការងារធ្វើជំរឿន និងអង្កេត ពីព្រោះកិច្ចការនេះគឺជាកិច្ចការស្មុគ្រស្មាញ និងជាពហុវិស័យ ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា តួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច គឺជាកិច្ចការសំខាន់មានអាទិភាពខ្ពស់ សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានប្រកាសឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ ជាទិន្នន័យមានគុណភាពល្អ គួរជឿទុក ចិត្តបាន ឱ្យបានទូលំទូលាយក្នុងការរៀប ចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រម ទាំងខិតខំកៀរគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។
សម្ដេចក្រឡាហោមស ខេង ក៏បានណែ នាំឱ្យមានការផ្សព្វផ្សាយទិន្នន័យជំរឿននេះឱ្យបានទូលំទូលាយ ដើម្បីបង្កើនការ យល់ដឹង និងប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ ។ សម្ដេចបានណែនាំឱ្យខិតខំពង្រឹងប្រព័ន្ធស្ថិតិជាតិ តាមរយៈការពង្រឹងបទបញ្ញត្តិ និងយន្តការនានាឱ្យស្របតាមច្បាប់ និងយុទ្ធសាស្រ្តជាតិ ជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទូស្តក្នុងការផ្សព្វផ្សាយលទ្ធផល ៕
Comments