អគ្គនាយកដឹកជញ្ជូន ថា អ្នកបើកបរយានយន្តធុនធ្ងន់៣៣ភាគរយ អត់មានប័ណ្ណបើកបរត្រឹមត្រូវ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ០២ ២០២១

  អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ឯកឧត្តម ឈួន វ៉ន់ ឱ្យដឹងថា បច្ចុប្បន្នយានយន្តធុនធ្ងន់ដែលបានចុះបញ្ជី មានជាង៣២ម៉ឺន៥ពាន់គ្រឿង។ ចំណែក ប័ណ្ណបើកបរប្រភេទ គ ឃ ង ដែលត្រូវបានចេញឱ្យអ្នកបើកបរ សម្រាប់ យានយន្តប្រភេទនេះ មានជាង២១ម៉ឺន៨ពាន់ប័ណ្ណ។

  ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកដឹកជញ្ជូនរូបនេះ បានបញ្ជាក់ថា ចំនួនប័ណ្ណបើកបរប្រភេទនេះ បើប្រៀបធៀបនឹងយានយន្តធុនធ្ងន់ដែលបានចុះបញ្ជី គឺមានតែ៦៧ភាគរយប៉ុណ្ណោះ ដែលនេះមានន័យថា ចំនួនអ្នកបើកបរយានយន្តធុនធ្ងន់ប្រមាណ៣៣ភាគរយទៀត ដែលកំពុងបើកបរយានយន្ត ធុនធ្ងន់ចរាចរនៅលើផ្លូវថ្នល់មិនមានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយាន។

  ជុំវិញនឹងបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ ឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ធ្វើការត្រួតពិនិត្យសាលាបង្រៀនបើកបរទំាងអស់ និងត្រូវធ្វើបច្ចុប្បន្នភាពសាលា បង្រៀនបើកបរឡើងវិញ  ពិសេសចំពោះសាលាណាដែលបានចេញអាជ្ញាប័ណ្ណឱ្យបង្រៀនបើកបររថយន្តធុនធ្ងន់ហើយ តែអត់មានបង្រៀន គឺត្រូវដកអាជ្ញាប័ណ្ណវិញ ឬទម្លាក់អាជ្ញាប័ណ្ណឱ្យបង្រៀនបើកបររថយន្តធុនស្រាលវិញ និងត្រូវតាមដាន ត្រួតពិនិត្យមើលការប្រឡងយកប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូន ទំាងអស់ ត្រូវរៀបចំឱ្យមានការរំឭកជំនាញបើកបររៀងរាល់១ឆ្នាំម្តង សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ទំាងអស់របស់ក្រុមហ៊ុន  ដើម្បីឱ្យអ្នកបើកបររថយន្តបានទទួលនូវចំណេះដឹង និងបច្ចេកទេសថ្មីៗ  បើកបរឱ្យមានសុវត្ថិភាព  កុំឱ្យមានគ្រោះថ្នាក់ ឬបង្ក គ្រោះថ្នាក់។

  សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិស័យឯកជន បើកមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនេះឡើង បន្ទាប់ពីមើលឃើញនូវកង្វះសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ នាពេលកន្លងមក។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ជិត២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារដោយមានកន្លែងស្នាក់នៅ បន្ទប់ពិនិត្យ សុខភាព បន្ទប់បង្រៀនទ្រឹស្តី និងទីធ្លាសម្រាប់អនុវត្តដៃចង្កូត។

  យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ជូន បានបង្ហាញថា ចាប់តំាងពីឆ្នាំ១៩៩០ រហូតមកដល់ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញវិញ្ញាបនបត្រចុះបញ្ជីសាលាបង្រៀនបើកបរយានយន្តសរុបចំនួន៤២ និង មានសាខាសាលាបង្រៀនបើកបរយានយន្តសរុបចំនួន១៨៤នៅទូទាំងប្រទេស។ តាមការសង្កេតកន្លងមក គឺមិនមានការ បង្រៀនបើកបរយានយន្តធុនធ្ងន់ច្រើននោះទេ ដោយការបង្រៀនបើកបរភាគច្រើនមានត្រឹមប្រភេទពី៣ទៅ៥តោនប៉ុណ្ណោះ ហើយការបង្រៀនប្រភេទ១០តោន ឬលើសពី១០តោនឡើង ឬប្រភេទសណ្តោង ឬដឹកអ្នកដំណើរធុនធំ៤៥កៅអី ឬដឹកទំនិញ ធុនធ្ងន់ ពុំមានច្រើនឡើយ។

  ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមគោលដៅដើមទី គឺនៅក្នុងកំពង់ផែ ស្វយ័តភ្នំពេញ និងនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហុ កាលពីដើមឆ្នាំ២០២០ បានរកឃើញថា អ្នកបើកបរយានយន្តធុនធ្ងន់ ភាគច្រើនមិនមានប័ណ្ណបើកបរ និងមួយចំនួនមានប័ណ្ណបើកបរ ប៉ុន្តែប័ណ្ណបើកបរនោះមិនត្រឹមត្រូវតាមប្រភេទយាន ដែលកំពុង បើកបរ ជាពិសេសអ្នកបើកបរសណ្តោងសឺមីរ៉ឺម៉ក៕EB73922A-3F81-456A-92ED-6E465945A19D47436D13-7568-4277-83F3-69CF930BD529269357B0-FE57-4670-A01E-B843A71BF1444118368D-B9F7-4C4F-B665-B7B120A2EFB8

Comments

Related posts