ប្រទេសចិនឈរនៅជាមួយពិភពលោកជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ 

 

 

 វិទ្យុជាតិកម្ពុជា៖

 

     ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលជាសកលមក យើងបានឃើញពីប្រតិកម្មនិងគោល នយោបាយខុសៗគ្នានៃប្រទេសទាំងឡាយ ពោលគឺប្រទេសចំនួនច្រើនបានតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បង ចំណែកប្រទេសមួយចំនួនតូចបានបណ្តែត បណ្តោយឱ្យប្រជាជនដើរចម្លងគ្នាពាសវាលពាសកាលដោយអះអាងថាវានឹងបង្កើតជា “ភាពស៊ាំជាចង្កោម”ឬ “ភាពស៊ាំជាសមូហភាព” ។ 

យ៉ាងណាមិញ យើងងាកមកមើលប្រទេសចិនដែលមានករណីជំងឺកូវីដ-១៩ផ្ទុះរីករាលដាលក្នុងទ្រង់ទ្រាយធំដំបូងបង្អស់ បានចាត់នូវវិធានការជាបន្ទាន់បូករួមទាំងការបិទក្រុង និងបិទសហគមន៍ជាដើម ។ ក្នុងអំឡុងពេលជាងមួយខែនៃការប្រយុទ្ធតតាំងយ៉ាងលំបាកលំបិនជាមួយជំងឺឆ្លងដ៏កាចសាហាវដៃលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ សេដ្ឋកិច្ចចិនបានដាំក្បាលចុះ សកម្មភាពសង្គមត្រូវជាប់គាំង ជីវភាពប្រជាជនត្រូវរឹតត្បិត ក៏ប៉ុន្តែ អ្វីទាំងនេះគឺធ្វើឡើងដើម្បីតែការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ ទោះបីជារងការចោទប្រកាន់ឬសឹងតែមានការថ្កោលទោសដោយចេតនាអាក្រក់ពីក្រុមមនុស្សនិងប្រទេសមួយចំនួនតូចថាជាការ “បំបិទសិទ្ធិសេរីភាពប្រជាជន”ក៏ដោយ ។ 

ការឆ្លងរាលដាលយ៉ាងឆាប់ រហ័សនៃជំងឺកូវីដ-១៩នៅប្រទេសចិនជាសញ្ញាប្រកាសអាសន្នមួយដល់បណ្តាប្រទេសនានាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងនេះ ហើយប្រទេសចិនក៏បានព្យាយាមចែករំលែកព័ត៌មានពាក់ព័ន្ធនឹងចំណាត់ការរបស់ខ្លួនជាមួយពិភពលោកតាមដែលអាចធ្វើទៅបាន ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយគឺអ្នកដែលដើរចោទប្រកាន់គេមិនបានត្រៀមខ្លួនសម្រាប់ការពារប្រជាពលរដ្ឋខ្លួនពីជំងឺឆ្លងនោះទេ បែរជាយករឿងជំងឺឆ្លងមកធ្វើជាឧបករណ៍នយោបាយដើម្បីបំពេញមហិច្ឆតាស្មោកគ្រោករបស់ខ្លួនទៅវិញ ដែលបានបណ្តាលឱ្យកើតមានការរាតត្បាតជាសកលយ៉ាងឆាប់រហ័សហួសពីការនឹកស្មាន ។  

ជាក់ស្តែង យើងឃើញថាប្រទេសចិនជាអ្នកដែលបានយកឈ្នះលើជំងឺកូវីដ-១៩មុនគេបង្អស់លើពិភពលោកហើយជាអង្គភាពសេដ្ឋកិច្ចតែមួយគត់ដែលមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២០ ។ យើងងាកមកមើលពីអំឡុងពេលជំងឺកូវីដ-១៩បានផ្ទុះរាលដាលយ៉ាងខ្លាំងក្នុងប្រទេសចិន កាលនោះ ប្រទេសជាច្រើនបូករួមទាំងប្រទេសកម្ពុជាផងបានជួយប្រទេសចិនទៅតាម លទ្ធភាពរបស់ខ្លួន ដូចពាក្យស្លោកមួយឃ្លាដែលនិយាយថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។ ក្រោយមក បន្ទាប់ពីស្ថានការណ៍រីករាលដាលបានធូរ ស្បើយបន្តិចក្នុងប្រទេសចិន ហើយប្រទេសជាច្រើនត្រូវបានយាយី ដោយជំងឺកូវីដ-១៩ ជាការតបស្នងសងគុណវិញ ប្រទេសចិនបានជួយឧបត្ថម្ភសម្ភារវេជ្ជសាស្ត្រនិងម៉ាស់ដល់ប្រទេសដែលមានតម្រូវការ ដែលទទួល បានការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសជាមិត្ត។ 

ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ ហើយអ្វីដែល ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងអន្ទះសាបំផុតគឺការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដើម្បីឱ្យជីវភាពរស់នៅនិងស្តារនូវអ្វីៗគ្រប់យ៉ាងឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈ ពោលគឺប្រទេសដែលមានសមត្ថភាពផលិតវ៉ាក់សាំងគួរចែកចាយជូនប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដែលមានតម្រូវការដែលស្របតាមគុណតម្លៃនៃទស្សនៈសហគមន៍រួមសុខភាពរបស់មនុស្សជាតិ ។  

ដូចដែលយើងទាំងអស់គ្នាបានមើលឃើញហើយ បន្ទាប់ពីការអភិវឌ្ឍវ៉ាក់សាំងនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រទេសចិនបានធ្វើតាមពាក្យសន្យារបស់ខ្លួនដោយសកម្មភាពជាក់ស្តែង តួយ៉ាងដូចជាការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះបូករួមទាំងប្រទេសកម្ពុជាដែលជាមិត្តដែកថែបផងដែរ ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ បានទទួលជំនួយវ៉ាក់សាំងចិនជាបន្តបន្ទាប់ និងប្រទេសចំនួន ២២ ទៀតបានបញ្ជាទិញវ៉ាក់សាំងរបស់ចិន ។ ថ្នាក់ដឹកនាំនៃប្រទេសនានាដែលបានទទួលជំនួយឬទិញវ៉ាក់សាំងពីប្រទេសចិន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន ។  

តាមរយៈជំនួយវ៉ាក់សាំងរបស់ចិន យើងឃើញមានថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានឱ្យតម្លៃខ្ពស់ដោយបានអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ ក្នុងនោះក៏មានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះមហាមិត្តចិនផងដែរ ។ ក្រៅពីនេះ ប្រទេសចិនក៏បានផ្តល់វ៉ាក់សាំងចំនួន ១០ លានដូសជូនដល់កម្មវិធីCOVAXរបស់អង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាការសឱ្យឃើញពីគោលជំហរដ៏មោះមុតរបស់ចិនក្នុងការពួតដៃគ្នាជាមួយប្រទេសនានាដើម្បីបង្កើតសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ ៕IMG_20210220_210526_430IMG_20210220_210523_626IMG_20210220_210521_515

Comments

Related posts