បញ្ចុះខណ្ឌសីមា សម្ពោធសមិទ្ធផលនានាក្នុងវត្តបុស្ស ខេត្តត្បូងឃ្មុំ តម្លៃជាង ៥៤ម៉ឺនដុល្លារ

 

 

វិទ្យុជាតិកម្ពុជា៖លោក ហ៊ាង ចាន់ថា

 

 (ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផល នានា ក្នុងវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងដែនដី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសម្តេចទាំងទ្វេ ព្រមទាំងថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបាន រួមចំណែក ក្នុងការកសាង និងជួសជុលនូវសមិទ្ធផលនានា ក្នុងវត្តជោតិរង្សុី ហៅវត្តបុស្សនេះឡើងវិញ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិត នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតសម្រេចបានសមិទ្ធផលជាច្រើន បម្រើដល់សេចក្តីត្រូវការក្នុងផ្នែកពុទ្ធចក្រ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រពៃណីគណបក្សប្រជាជន គឺនៅកៀកជាប់ប្រជាជនកម្ពុជាជានិច្ច ជាក់ស្តែង មុន និងក្រោយថ្ងៃរំដោះ០៧មករា រហូតដល់បច្ចុប្បន្ន គណបក្សប្រជាជន បាននាំយកសុខសន្តិភាព រួមសុខរួមទុក្ខរួមដំណើរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស តស៊ូពុះពាររហូតទទួលបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង។ ជាពិសេសបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា រាជ រដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៍បានជំរុញឲ្យអាជ្ញាធរបន្តយន្តការដោះស្រាយបញ្ហា និងរាល់សំណូមពរឱ្យបានលឿន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដោយឡែកពលរដ្ឋត្រូវគោរព ការពារថែរក្សាសមិទ្ធផល និងសុខសន្តិភាពរួមគ្នាបន្តទៀត ជាពិសេសត្រូវចូលរួមអនុវត្តន៍ ៣ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈថ្ងៃនេះ មានការផ្ទុះឆ្លងថ្មីក្នុងសហគមន៍ ដល់ទៅ៣២នាក់បន្ថែម ដោយសម្តេចតេជោ ហ៊ុន សែន បាន ដាក់ឈ្មោះថា ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាសារដាស់តឿន ពលរដ្ឋទូទាំងប្រទេសត្រូវប្រុងប្រយ័ត្នខ្ពស់ជាថ្មី។

ក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុ ផារ៉ា បានប្រគេនបច្ច័យ ៣០,០០០ដុល្លារបន្ថែម រួមទាំងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ចំនួន១០លានរៀល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បីបង្គ្រប់ថ្លៃជាងដែលវត្តនៅជំពាក់ចំនួន ៣៥,០០០ដុល្លារ ហើយក៏បានបំពាក់គ្រឿងឥស្សរិយយស ប្រគេនដល់ព្រះសង្ឃ លោក លោកស្រី ដែលបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តបុស្សនេះ ព្រមទាំង ចែកជូនក្រណាត់ស សម្ភារសិក្សា និងថវិកា ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលចូលរួមនាឳកាសនោះផងដែរ៕IMG_20210220_210856_414IMG_20210220_210850_783IMG_20210220_210847_189IMG_20210220_210842_446

Comments

Related posts