វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៣ កុម្ភៈ ២០២១
កំពង់ចាម៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងក្នុងសាលា និងនៅផ្ទះ តាមរយៈការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចែកសម្ភារសិក្សា និងជែលលាងដៃ ជូនដល់សាលាបឋមសិក្សាប៉ាក់ ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំយកសៀវភៅមេរៀន និងលំហាត់ ជាភាសាអង់គ្លេស និងសៀវភៅនិទានរឿង ជាភាសាខ្មែរ ចំនួន ១៥០ក្បាល ថវិកា ៥០ម៉ឺនរៀល និងទឹកជែលលាងដៃចំនួន ៤៨ដប ទៅប្រគល់ជូនដល់សាលាបឋមសិក្សាប៉ាក់ ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ចំណែកសៀវភៅសិក្សាមេរៀន និងលំហាត់ថ្នាក់មត្តេយ្យ ជាភាសាអង់គ្លេសចំនួន៣០០០ ក្បាលទៀត រួមទំាងថវិកាមួយចំនួន ត្រូវបានឯកឧត្តម រដ្ឋមន្រ្តី នាំយកមកជូនដល់ការិយាល័យអប់រំស្រុកកោះសូទិនខេត្តកំពង់ចាម ដើម្បីបែងចែកបន្តដល់សាលា នានា ក្នុងស្រុកកោះសូទិន សម្រាប់ជាប្រយោជន៍ដល់ក្មួយៗសិស្សានុសិស្សបានអាននិងទទួលបានចំណេះដឹងកាន់តែច្រើន ។
តាមរបាយការណ៍របស់ អាជ្ញាធរស្រុកកោះសូទិន បានលើកឡើងថា វិស័យអប់រំនៅទូទាំងស្រុកកោះសូទិនមានការរីកចម្រើន ជាលំដាប់ ដោយមានសាលាចំនួន៤១កន្លែង ក្នុងនោះមាន៖ សាលាបឋមសិក្សា៣៣កន្លែង - អនុវិទ្យាល័យ ៤កន្លែង - វិទ្យាល័យ ៤កន្លែង ។
គួរបញ្ជាក់ដែរថា អគារសិក្សា ១ខ្នង ស្មើនឹង ៣ បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សា ប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអំណោយរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ទើបនិងសាងសង់ហើយរួចរាល់ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនថវិកាដល់ការិយាល័យអប់រំស្រុកកោះសូទិន ចំនួន២០ម៉ឺន រៀល សាលាបឋមសិក្សាប៉ាក់ណាម៥០ម៉ឺនរៀល និងទឹកជែលលាងដៃ១កេសធំ លោកគ្រូ អ្នកគ្រូ៤នាក់ ក្នុងម្នាក់ ៦ម៉ឺនរៀល ៕
Comments