ក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋកុំឱ្យមើលស្រាលវីរុសកូវីដ-១៩ 

 

វិទ្យុជាតិកម្ពុជា៖យី វិច្ឆិកា 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវប្រជាពលរដ្ឋ កុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ខណៈដែលកម្ពុជា បានរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីមានភាពសាហាវ និងធ្ងន់ធ្ងរជាងមុន ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បំភ្លឺលើមន្ទីរពិសោធន៍ពីបញ្ហាវីរុសកូវីដ-១៩ កាលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នាទីស្តីការក្រសួង សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងវីរុសឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច ហើយត្រូវនាំគ្នាអនុវត្ត តាមការណែនាំរបស់ សម្ដេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវមើលស្រាលចំពោះវីរុសកូវី-១៩ នោះឡើយ ហើយការ មើលស្រាលនិងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមទៅនឹងគ្រោះថ្នាក់ខ្លាំងបំផុត។ 

លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យយល់ច្រឡំថា វីរុសកូវីដ-១៩នៅបណ្តាប្រទេសក្តៅមិនសូវឆ្លងឱ្យសោះ ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីមានអ្នកស្លាប់រាប់មិនអស់ ។ ទោះបីជាកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋត្រូវតែប្រយ័ត្ន ពីលទ្ធភាពនៃការ វាយលុកធ្ងន់ធ្ងររបស់វីរុសកូវីដ-១៩នេះ ។ ការទប់ស្កាត់ដែលបានល្អកន្លងមក ដោយសារភាពខ្លាំងនៃការអ្នកដឹកនាំ ទី១ៈគឺសម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រសិនបើមិនមានសម្តេចតេជោ ក្រសួងក៏លំបាកដែរ , ទី២ៈការត្រងត្រាប់អនុវត្តន៍របស់ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ ហើយក៏ដូចជាអន្តរវិស័យ ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោម ជាតិដែលគាត់ដុតដៃដុតជើង ជួយទាំងយប់ជួយទាំងថ្ងៃ ធ្វើម៉េចកុំឱ្យមានការចម្លងបន្តៗគ្នា ។ 

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២៥នាក់ ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» ហើយសំខាន់នោះ ក្រសួងបញ្ជាក់ថា រកឃើញវីរុសបំប្លែងថ្មី៣ករណី។ការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នេះ ត្រូវបានពិនិត្យនិងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៥៩៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ៤៧៥នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល ១១៦នាក់ ៕

Comments

Related posts