ក្រសួងកសិកម្មអំពាវនាវអ្នកដាំស្វាយនាំចេញទៅក្រៅប្រទេស ត្រូវចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវអ្នកដាំដំណាំស្វាយ សម្រាប់ការនាំចេញទៅក្រៅប្រទេស សូមទៅចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល អាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។

ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការ ធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឱ្យមានបរិមាណ ផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រ www.globalprice.info បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់ នៅ ប្រទេសចិន បានធ្លាក់ចុះមកត្រឹមពី១ដុល្លារ១កាក់ទៅ១ដុល្លារ២កាក់ក្នុងគីឡូក្រាមតែប៉ុណ្ណោះ។

សេចក្តីប្រកាសបន្តថា ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់តម្លៃផលិតផលផ្លែស្វាយនៅលើទីផ្សារ និងបង្កើនប្រាក់ ចំណេញជូនអ្នកផលិត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំស្វះស្វែងរកទីផ្សារ សម្រាប់ផលិតផលផ្លែស្វាយ សំខាន់ៗ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេស មានសក្តានុពល មួយចំនួន ដូចជាប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុនជាដើម។ ការសម្រេចបាននូវការព្រមព្រៀងគ្នាជាមួយប្រទេសកូរ៉េ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើម ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ តាំងពី ខែមករាឆ្នាំ២០២០។ ដោយឡែក ការចរចាជាមួយប្រទេសចិន សម្រេចបាននូវការព្រមព្រៀងគ្នា លើពិធីសារ ស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ នៅខែមិថុនា ឆ្នាំ២០២០កន្លងមក ក៏ប៉ុន្តែដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរោងចក្រប្រព្រឹត្តិកម្ម សម្លាប់ពងរុយចោះផ្លែស្វាយ ដែលវិនិយោគដោយផ្នែកឯកជន មានការយឺតយ៉ាវ ដោយសារឥទ្ធិពលនៃការរីករាលដាល នៃជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនចំនួន៤ ទើបតែបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយអគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ញើលិខិតស្នើសុំការពិនិត្យ និងឯកភាពចុះបញ្ជី ពីប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យនិងសម្រេចអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ក្រសួងបានបញ្ជាក់ថា ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវម្តងហើយម្តងទៀត ដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេសក្នុងការបង្កើន ផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ៕IMG_20210223_154008_717

Comments

Related posts