ឯកឧត្តម ឃួង ស្រេង បន្តចែកម៉ាស់សម្ដេចតេជោជាលើកទី២ ដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ នគរបាល កងរាជអាវុធហត្ថ,ផ្សារទំាង២៥និងសហគមន៍អ្នកក្រីក្រក្នុងរាជធានីភ្នំពេញ

 

វិទ្យុជាតិកម្ពុជា  

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តចែកម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាលើកទី២ ដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ នគរបាល កងរាជអាវុធហត្ថ, ផ្សារទំាង២៥ និង សហគមន៍អ្នកក្រីក្រក្នុងរាជធានីភ្នំពេញ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩កាន់តែធំឡើង ក្នុងសហគមន៍។

ក្នុងឱកាសប្រគល់ម៉ាស់រាប់សិបម៉ឺនម៉ាស់របស់សម្ដេចតេជោ ដល់រដ្ឋបាលខណ្ឌទាំង១៤សង្កាត់ទាំង១០៥ ផ្សារទាំង២៥ និង កងកម្លាំងប៉ូលិសនិងប៉េអឹមភ្នំពេញជាលើកទី២ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២១ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឯកឧត្តម ឃួង ស្រេងបានលើកឡើងថា៖ចំពោះអ្នកដែលមិនអនុវត្តទៅតាមវិធាន របស់ក្រសួង សុខាភិបាល គឺត្រូវប្រឈមនឹងមានទោសទណ្ឌ ដោយសារថា មិនយូរទេអាចស្អែកឬខានស្អែករាជរដ្ឋាភិបាលនឹងចេញ ស ជ ណ ឱ្យអនុវត្តចំពោះអ្នកដែលមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ហើយ។ ចំណែក ឯអ្នកបើកអាជីវកម្មដ្ឋាននានា ក៏ប្រឈមនូវការបិទអាជីវកម្មជា បណ្ដោះអាសន្នផងដែរ បើពួកគាត់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ឃួង ស្រេងក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ លាងដៃជាប្រចាំ ពោលគឺត្រូវអនុវត្ត ឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល និងត្រូវស្វែងយល់ពីសាររបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដើម្បីយើងរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះឱ្យបានជោគជ័យ។

     គួរបញ្ជាក់ផងដែរថា៖ ម៉ាស់របស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុន សែន ដែលឯកឧត្តម ឃួង ស្រេង ប្រគល់ជូនជា លើកទី២ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ រួមមាន៖ ប្រគល់ជូន១៤ខណ្ឌ ក្នុង១ខណ្ឌទទួលបានម៉ាស់១៤,០០០ម៉ាស់ សង្កាត់ទាំង១០៥ ក្នុង១សង្កាត់ទទួលបានម៉ាស់២,០០០ម៉ាស់ សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញ ចំនួន ១២៤,០០០ម៉ាស់ ប្រគល់ជូននគរបាលរាជធានីភ្នំពេញចំនួន៥ម៉ឺនម៉ាស់ កងរាជអាវុធហត្ថ៣ម៉ឺនម៉ាស់ និងនៅតាមផ្សារនានា ទាំង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤,៥០០ម៉ាស់។ 

 ឯកឧត្តមឃួង ស្រេង ក៏បានសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាស់ទាំងនេះ ឱ្យដល់ដៃប្រជាពលរដ្ឋ ក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ ឲ្យទទួលបានជោគជ័យ៕

Comments

Related posts