ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លើកទឹកចិត្តកសិករដំាមៀនប៉ៃលិន បន្តសហការគ្នា ផលិតផ្លែមៀនឲ្យមានគុណភាពល្អ

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ប៉ៃលិន៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កសិករអនុវត្តន៍កសិកម្មល្អ (CAMGAP)លើដំណាំមៀនប៉ៃលិន នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានលើកទឹកចិត្តដល់កសិករដំាមៀនទាំងអស់ ត្រូវបន្តរួមសហការគ្នា និងចងក្រងគ្នាជាបណ្តុំ ក្នុងការផលិតផ្លែមៀនប៉ៃលិនប្រកប ដោយគុណភាព ដែលជាកត្តាជួយលើកកម្ពស់កិត្យានុភាពសហគមន៍មៀនប៉ៃលិន ដើម្បីទទួលបានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស។

លោកប្រធានមន្ទីរ បានមានប្រសាសន៍លើកឡើងថា៖ ដំណាំមៀនប៉ៃលិន គឺជាដំណាំដែលមានសក្កានុពលខ្ពស់នៅក្នុងទីផ្សារ ដូច្នេះតម្រូវឱ្យកសិករយើងត្រូវចេះចែករំលែក នូវបទពិសោធន៍ និងបច្ចេកទេស ដល់គ្នាទៅវិញទៅមក ក្នុងការផលិតផ្លែមៀនប្រកបដោយគុណភាពតាមស្តង់ដារ ភូតគាមអនាម័យសម្រាប់នាំចេញ ជាពិសេសត្រូវចងក្រងគ្នាជាបណ្តុំអាជីវកម្ម ដើម្បីងាយស្រួលក្នុងការរកទីផ្សារ ធ្វើយ៉ាងណាធានាបាននូវតម្លៃ ទាំងអ្នកផលិត និងអ្នកទិញ។

នៅក្នុងឱកាសនោះផងដែរ លោក សាយ សុផាត ក៍បានថ្លែងអំណរអរគុណដល់គម្រោង Harvest 2d ដែលតែងតែជួយគាំទ្រ និងផ្តល់នូវវគ្គបណ្តុះបណ្តាលចំណេះដឹងបច្ចេកទេសដល់បងប្អូនប្រជាកសិករក្នុងខេត្តប៉ៃលិន បានយល់ដឹងអំពីការដាំដុះ និងការថែទាំដំណាំរបស់ខ្លួន ឱ្យទទួលបានទិន្នផលខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ 

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន មានសហគមន៍កសិកម្ម ចំនួន ៤១ ដោយនៅក្រុងប៉ៃលិន ចំនួន ១៧ និងស្រុកសាលាក្រៅចំនួន ២៤ ដែលមានសមាជិកសរុបចំនួន ៣៨០៥នាក់ ស្រីចំនួន ១៨៩៤នាក់ ហើយមានផ្ទៃដីដាំដុះដំណាំមៀនប៉ៃលិន សរុបចំនួន ៤៣៨៩ហិកតា និងផលិតផ្លែមៀនបាន ចំនួន ៣២៥០តោន ក្នុង១ឆ្នាំ៕IMG_20210226_093509_834IMG_20210226_093507_255IMG_20210226_093458_406

Comments

Related posts