រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើដំណើរចល័តពីខេត្តទៅភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

MC៖ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើដំណើរចល័តពីខេត្ត ទៅភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស ដែលស្នាក់នៅខេត្តព្រះសីហនុមាន វិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៨នាក់ ។ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកសកម្មភាពអាជីវកម្មលើទីតាំងពាក់ព័ន្ធចំនួន៦កន្លែង រួមមាន៖ សណ្ឋាគារជីនប៉ីទាំង៣សាខា អគារស្នាក់នៅរួម វាន់ឃីឆឺងរបស់ក្រុមហ៊ុនជីនប៉ី សណ្ឋាគារហ័ងហ្គ័នជាយី (Crowne Plaza) និងអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មកដល់ពេលនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកតេស្តពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់ខាងលើសរុបចំនួន ១៥៦២នាក់ ស្រីចំនួន ៥០៣នាក់ ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដោយសារកំណើនអ្នកឆ្លងវីរុសកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ ហើយក្រុមឆ្លើយតបបន្ទាន់ កំពុងមមាញឹកយកវត្ថុសំណាកតេស្ត ពីអ្នកសង្ស័យមានចំនួនច្រើនឡើងៗ ដូចនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបរបរអាជីវកម្មគ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុ គឺត្រូវចូលរួម អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ«៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ៣ការពារ គឺ ពាក់ម៉ាស់លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ចាប់ពី១,៥ម៉ែត្រឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់ ។ ចំពោះ៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ , កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ៕IMG_20210226_114011_451IMG_20210226_114012_765

Comments

Related posts