ស្រ្តីដែលមានគភ៌ដោយចៃដន្យ គភ៌មិនប្រក្រតី និងគភ៌ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមាតា គួរតែរកកន្លែងរំលូតដោយសុវត្ថិភាព 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ អ្នកជំនាញផ្នែកសុខភាពស្ត្រីបានអំពាវនាវដល់ស្រ្តី ដែលមានគភ៌ដោយចៃដន្យ គភ៌មិនប្រក្រតី និងគភ៌ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពមាតា គួរតែរកកន្លែងរំលូតដោយសុវត្ថិភាព ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងអាចកាត់បន្ថយមរណៈភាព របស់មាតាបាន។

អ្នកគ្រូពេទ្យ សែត សុម៉ាលី ជាពេទ្យឆ្មបមធ្យមនៃមណ្ឌលសុខភាពប្រភ្នំ ទទួលបន្ទុក ពិនិត្យផ្ទៃពោះ និងរំលូត បានមាន ប្រសាសន៍ថា ស្ត្រីដែលមករកសេវារំលូតនៅមណ្ឌលសុខភាពក៏ដូចជាមន្ទីរពេទ្យបង្អែក ក្រុមគ្រូពេទ្យតែងតែរក្សាការសម្ងាត់ និងការថែទាំក្រោយពេលរំលូត ដើម្បីអាចចៀសផុតនូវគ្រោះថ្នាក់នានាដែលកើតឡើងជាយថាហេតុ។ អ្នកគ្រូពេទ្យ បន្ដថា ដូចនេះ ចំពោះស្ត្រី ​ដែលត្រូវការទទួលសេវារំលូត ដោយសារមានគភ៌ដោយចៃដន្យ គភ៌មិនប្រក្រតី និងគភ៌ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពមាតាជាដើម គួរតែរកកន្លែងរំលូតដោយសុវត្ថិភាព ដើម្បីពិគ្រោះយោបល់ជាមួយជាក្រុមគ្រូពេទ្យជំនាញ ក្នុងការពិនិត្យសុខភាព មុននឹងសម្រេចចិត្តធ្វើការរំលូត។

 

អ្នកគ្រូពេទ្យ បានបន្ដទៀតថា ការជួយលើកទឹកចិត្តដល់ស្រ្ដីដែលរកសេវារំលូតមានសុវត្ថិភាពបាន ក៏អាស្រ័យទៅលើការ ជួយគាំទ្រ និងមានការលើកទឹកចិត្តពីអាណាព្យាបាល គ្រួសារ ទាំងផ្លូវកាយផ្លូវចិត្តផងដែរ។

 

 «ខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាបើសិនជាក្នុងគ្រួសារ មានស្ត្រីគាត់មានកូនហើយមិនចង់ទុក អញ្ចឹងយើងកុំស្ដី បន្ទោស កុំបង្អាប់ ប៉ុន្ដែយើងត្រូវលើកទឹកចិត្តគាត់ ផ្ដល់កម្លាំងចិត្តឱ្យគាត់ ហើយយើងត្រូវគិតថាធ្វើយ៉ាងម៉េច បើយើងទុកមិនកើត ដើម្បីតែជីវភាព ដើម្បីខ្លួនយើងផ្ទាល់ ដូចជាគាត់មានជំងឺផ្សេងៗ អញ្ចឹងត្រូវតែសម្រេចចិត្តធ្វើការរំលូត។ ដូចនេះសូមកុំរើសអើង កុំស្អប់ ខ្ពើម មើលងាយគាត់ យើងត្រូវយល់ថានេះជាបញ្ហាដែលមិនអាចជៀសបាន។ ចឹងសូមគាំទ្រឱ្យគាត់ធ្វើការរំលូត ហើយក្រោយពី រំលូតយើងក៏ត្រូវជួយគាត់មើលថែគាត់ទាំងផ្លូវកាយផ្លូវចិត្ត»។

 

ចំណែក លោក ហេង សុខហ៊ុល ជាមន្ត្រីកម្មវិធីថ្នាក់ខេត្តរបស់អង្គការរ៉ាក់ បានជំរុញទៅដល់ស្រ្តីគ្រប់រូបៗថា ចំពោះស្រ្តីដែល មានបញ្ហាគក៌មិនប្រក្រតី ឬដោយសារបញ្ហាផ្នែកសេដ្ឋកិច្ច បញ្ហាសុខភាព ឬមានកូនដែលមិនចង់បាន ត្រូវតែទៅពិគ្រោះជាមួយ គ្រូពេទ្យដែលមានជំនាញរំលូតដោយសុវត្ថិភាព មុននឹងសម្រេចចិត្ត ធ្វើការរំលូត និងក្លាហាន ក្នុងការសម្រេចចិត្ត ដោយឈរ លើគោលជំហរ និងគុណតម្លៃរបស់ខ្លួន ក្នុងការសម្រេចចិត្តទទួលសេវារំលូត ដោយផ្អែកទៅលើសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ។ មួយវិញទៀត សូមផ្តាំផ្ញើដល់ស្រ្តី ដែលបានធ្វើការរំលូតរួចហើយ ត្រូវតែជ្រើសរើស យកមធ្យោបាយពន្យារ កំណើតណាមួយដែលសមស្របនឹងសុខភាពរបស់ខ្លួន ដើម្បីចៀសវាងការរំលូតច្រើនដង ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាព ទៅថ្ងៃអនាគត។

 

 «លើសពីនេះទៅទៀត សូមផ្តាំដល់ស្រ្តី ដ៏ទៃទៀត នៅតាមសហគមន៍ មិនគួរនិយាយ មាក់ងាយ និងរើសអើង ចំពោះស្រ្តី និងក្មេងស្រី ដែលទៅទទួលសេវារំលូតដោយសុវត្ថិភាពនោះទេ ពីព្រោះស្រ្តីគ្រប់រូប មានសិទ្ធិសម្រេចចិត្ត លើរូបរាងកាយរបស់គេ ហើយការសម្រេចចិត្តរបស់ស្រ្តីទាំងនោះ គឺគេសម្រេចចិត្ត ដោយសារតែគាត់មានបញ្ហាប្រឈម និងទុក្ខកង្វល់របស់គាត់ ដូច្នេះចូរកុំចាត់ទុកថា ស្រ្តី ទៅធ្វើការរំលូត នោះជាស្រ្តីមិនល្អ។

 

អ្នកស្រី អ៊ុក វណ្ណនី ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្លា ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត បានឱ្យដឹងថា បន្ទាប់ពីមានអង្គការរ៉ាក់ និងស្ត្រីជាក្រុមបង្គោលឃុំ បានចុះមកចែករំលែកចំណេះដឹងទាក់ទងនឹងការរំលូតដោយសុវត្ថិភាព មានការយល់ដឹងមិនសូវមានភាពខ្មាស់អៀន ហើយហ៊ានទៅមណ្ឌលសុខភាពដើម្បីប្រឹក្សា រកសេវារំលូតទើបសម្រេចចិត្តដោយប្រើប្រាស់ថ្នាំតាមការណែនាំពីគ្រូពេទ្យជំនាញ ទើបមិនមាន បញ្ហាអ្វីគួរឱ្យបារម្ភ។ អ្នកស្រីបានបន្ដថា ដោយសារមានការយល់ដឹងពីសេវារំលូតដោយសុវត្ថិភាពនេះហើយ ទើបធ្វើឱ្យគ្រួសារ អ្នកស្រីមានជីវភាពប្រសើរ មិនសូវមានការលំបាក មានពេលវេលាគ្រប់គ្រាន់ដើម្បីប្រកបរបររកទទួលទាន។

សូមបញ្ជាក់ថា ច្បាប់រំលូតនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ហើយក្រសួងសុខាភិបាលប្រកាសឱ្យ អនុវត្តច្បាប់រំលូតនេះនៅឆ្នាំ២០០២។ ការរំលូតដោយសុវត្ថិភាពនោះ គឺសម្រាប់គក៌តិចជាង១២សប្តាហ៍ ហើយការរំលូត ដោយសុវត្ថិភាគក៌​ច្រើនជាង១២សប្តាហ៍អាចអនុវត្តបានលុះត្រាតែគក៌មានលក្ខណៈមិនប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ រីឯក្នុងករណីត្រូវបានចាប់រំលោភ តម្រូវឱ្យមានការយល់ព្រមពីក្រុមគ្រូពេទ្យ ទាក់ទងនឹងបញ្ហា របស់ស្រ្តី៕

 

Comments

Related posts