ការប្រកបវិជ្ជាជីវៈគ្រូពេទ្យ គឺជាការបំពេញករណីយកិច្ចក្នុងសង្គម មិនមែនជាមុខរបររកស៊ីជាគ្រូពេទ្យឡើយ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

សៀមរាប៖.រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថាការប្រកបវិជ្ជាជីវៈគ្រូពេទ្យ គឺជាការបំពេញករណីយកិច្ចក្នុងសង្គម មិនមែនជាមុខរបររកស៊ីជាគ្រូពេទ្យឡើយ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវធានាគុណភាពនិង ប្រសិទ្ធភាពក្នុងការថែទាំព្យាបាល អ្នកជំងឺរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

ថ្លែងក្នុងសន្និសីទ្ធក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តសៀមរាបលើកទីពីរ នាមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពដើម្បីអភិវឌ្ឍវិជ្ជាជីវៈថែទាំវេជ្ជសាស្ត្រនៅកម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យ វិស័យសុខាភិបាលក៏មានការរីកចម្រើនយ៉ាងខ្លាំង ដែលតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងហ្មត់ចត់នូវគុណភាព ចំណេះដឹង និងជំនាញ ក្នុងវិជ្ជាជីវៈសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឱ្យមានគុណភាពខ្ពស់។ឯកឧត្តមបន្តថា ទោះជាយ៉ាងណាក្រសួងនៅតែជំរុញលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ទោះជាស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ឬ ឯកជន សូមគិតគូរពីអាយុជីវិតរបស់អ្នកជំងឺជារឿងសំខាន់ ដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំឡើយ នោះគឺជាសំណាង របស់អ្នកជំងឺ។

ឯកឧត្តមបន្តទៀតថា ការព្យាបាល និងថែទាំអ្នកជម្ងឺ ក្រុមគ្រូពេទ្យត្រូវតែអនុវត្តជាកញ្ចប់តែមួយ ដោយមិនអាចមានការព្យាបាល របៀបខ្វះការថែទាំ ហើយមានការថែទាំដោយខ្វះការព្យាបាល និងខ្វះអាកប្បកិរិយាបាននោះឡើយ។

សំឡេង៖ថ្ងៃនេះអភិវឌ្ឍវិជ្ជាជីវៈបន្ត មិនមែនលើកកម្ពស់គុណភាព ការផ្តល់ការថែទាំ តាមរយៈការលើកម្ពស់ជំនាញ នេះថែមមួយទៀតវិជ្ជាជីវៈប្រូហ្វែសស៊ូណល់(Professional) គឺទាំងកញ្ចប់តែម្តង ទាំងថែទាំ ទាំងព្យាបាល ទាំងកិរិយាតែម្តង សូមមេត្តាចងចាំជានិច្ចថា អ្នកជំងឺមុនគេទាំងអស់ លោកគ្រូពេទ្យ ការងាររបស់យើងមិនមែនរបររកស៊ីទេ គឺជាការអនុវត្ត ករណីយកិច្ចវិជ្ជាជីវៈ ប្រយោជន៍របស់អ្នកជំងឺមុនគេ មិនមែនសួរថាមីងមានលុយបង់សេវាអត់ មិនមែនទាំងពេទ្យគន្ធបុប្ផា មិនមែនទាំងពេទ្យជ័យវរ្ម័នទី៧ មិនមែនទាំងពេទ្យឯកជន នៅឯណាក៏ដោយ សួរថាឯកជនបើមិនសួរអាហ្នឹងមុន មិនរលំ ថាមិនរលំទេ រកមធ្យោបាយជួយគាត់ហើយ រកមធ្យោបាយបញ្ជូនគាត់ទៅ ការជួយសង្រ្គោះជីវិត ជីវិតមួយថ្លៃណាស់ មិនមែន៣ម៉ឺនទេ ដើម្បីបន្ថយបញ្ហាទាំងនេះ តើម្នាក់ៗត្រូវធ្វើអីខ្លះ ត្រូវអនុវត្តឱ្យបានផែនការកែលម្អ សមត្ថភាពជំនាញ ដឹងពីជំងឺ គ្រប់គ្រងវិន័យការងារ ម៉ោងពេល សីលធម៍វិជ្ជាជីវៈកែលម្អសម្តីសំដៅ ជាពិសេសមន្ទីរពេទ្យដែលអត់យកប្រាក់ពីអ្នកជំងឺ។

សូមជម្រាបផងដែរថា វិជ្ជាជីវៈសុខាភិបាល ត្រូវបានអនុម័តជាច្បាប់ ដោយបង្កើតឡើងនូវគណៈវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នក អនុវត្តវិជ្ជាជីវៈសុខាភិបាល ត្រូវតែចុះបញ្ជីការ និងសុំអាជ្ញាប័ណ្ណអនុវត្តវិជ្ជាជីវៈសុខាភិបាលនេះ។គណៈគិលានុបដ្ឋាកកម្ពុជា ត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យលេខ ន ស រ ក ត ០៨ ០៧ ៣៧៣ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ និងព្រះរាជក្រម ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលបានដាក់ឱ្យប្រើប្រាស់នៅខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមាន៩ជំពូក និង៣៥មាត្រា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពសាធារណៈ ដោយចែងក្នុងប្រព័ន្ធអប់រំគិលានុបដ្ឋាក៕IMG_20210228_180217_180IMG_20210228_180204_064

Comments

Related posts